ឧស្ម័នក្នុងកាឡាក់ស៊ី Milky Way កើនឡើងខុសពីធម្មតា, អ្នកវិទ្យាសាស្ត្របកស្រាយអំពីមូលហេតុ…

143

(បរទេស)៖ អ្នកវិទ្យាសាស្រ្តបានរកឃើញថា វត្តមានឧស្ម័នក្នុងកាឡាក់ស៊ីរបស់យើង មានបរិមាណកាន់តែច្រើនឡើងៗ ខណៈក្រុមអ្នកសិក្សាកាន់តែមានចម្ងល់ថា តើបណ្តាលមកពីមូលហេតុអ្វី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩។

តាមរយៈការវិភាគសិក្សាលើទិន្នន័យដែលកែវយឺតអវកាស Hubble ប្រមូលបាន អ្នកវិទ្យាសាស្រ្តបានសន្និដ្ឋានថា មានឧស្ម័នចូលមកកាន់កាឡាក់ស៊ី Milky Way ច្រើនជាងចេញ ប៉ុន្តែពួកគេមិនទាន់អាចដឹងច្បាស់ អំពីប្រភពនៃអតុល្យភាពឧស្ម័ននេះឡើយ។ ទោះជាបែបនេះក្តី អ្នកវិទ្យាសាស្រ្តបានធ្វើការប៉ាន់ស្មានមួយចំនួន រួមមានការសង្ស័យថា កម្លាំងទំនាញដ៏ខ្លាំងរបស់ Milky Way ប្រហែលជាបានស្រូបយកឧស្ម័នពីកាឡាក់ស៊ីតូចៗ (Dwarf Galaxy) ដែលស្ថិតនៅក្បែរខាងជាដើម។

គួរជម្រាបថា ឧស្ម័នតែងរសាត់ចាកចេញពីកាឡាក់ស៊ីរបស់យើង ក្នុងព្រឹត្តិការណ៍តារាសាស្រ្តផ្សេងៗ ដូចជាបន្ទុះស៊ូភើណូវ៉ា និងព្យុះព្រះអាទិត្យ ដែលបានរុញច្រានពួកវា ឲ្យខ្ទាតចេញពី Milky Way បន្តិចម្តងៗ មិនខុសពីបរិយាកាសរបស់ភពនានា នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះឡើយ។ នៅពេលឧស្ម័នជ្រៀតចូលមកក្នុងដែនកាឡាក់ស៊ីយើង វាចូលរួមចំណេកក្នុងការបង្កើតប្រព័ន្ធផ្កាយ និងភពថ្មីៗ៕

480×240 Banner