ថ្ងៃនេះកាលពី៧២ឆ្នាំមុន អាមេរិកបំបែករនាំងសំឡេងជាលើកដំបូង តាមរយៈយន្តហោះ Bell X-1
(បរទេស)៖ ថ្ងៃនេះកាលពី ៧២ឆ្នាំមុន អាកាសយានិកអាមេរិកម្នាក់បើកយន្តហោះ បំបែករនាំងសំឡេងលើផ្ទៃអាកាសជាលើកដំបូង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space នៅយប់ថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩។
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៤៧ លោក Chuck Yeager បានបង្កើតកំណត់ត្រាជាប្រវត្តិសាស្រ្ត តាមរយៈការបើកបរយន្តហោះឲ្យលឿនជាងល្បឿនសំឡេង ជាលើកដំបូងបំផុត។ លោកជាអាកាសយានិក សម្រាប់បើកសាកល្បងយន្តហោះរបស់កងទ័ពអាកាស អាមេរិក ហើយយន្តហោះដែលលោកប្រើនៅគ្រានោះ គឺប្រភេទយន្តហោះ Bell X-1 ដែលដាក់ឈ្មោះ Glamorous Glennis ខណៈ «Glennis» ជាឈ្មោះប្រពន្ធរបស់លោក។
គួរជម្រាបថា នៅពេលនោះយន្តហោះរបស់លោកត្រូវបានគេទម្លាក់ចេញពី យន្តហោះទម្លាក់គ្រាប់បែក Boeing B-29 មុនពេលបង្កើនល្បឿននៅលើផ្ទៃអាកាសដល់កម្រិត Mach ១.០៧ ដែលស្មើនឹង ១,៣២១គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈល្បឿនសំឡេង (Mach 1) គឺស្មើនឹង ១ ,២២៣គីឡូម៉ែត្រក្នុងមួយម៉ោង។ អ្វីដែលគួរឲ្យកោតសរសើរទៀតនោះ គឺនៅយប់មុនថ្ងៃបំបែកកំណត់ត្រានេះ លោក Yeager បានបាក់ឆ្អឹងជំនីពីរដើម ព្រោះតែធ្លាក់ពីខ្នងសេះថែមទៀតផង៕