បុគ្គលិកអង្គការ NASA រកឃើញទ្រឹស្តីមួយដែលអាចបង្កើតម៉ាស៊ីន មានលឿន៩៩%នៃល្បឿនពន្លឺ

127

(អាមេរិក)៖ វិស្វករម្នាក់នៃទីភ្នាក់ងារអវកាសអាមេរិក NASA បានអះអាងថា ខ្លួនបានបង្កើតនូវទ្រឹស្តីអំពីបច្ចេកវិទ្យាម៉ាស៊ីនថ្មីមួយ ដែលអាចបង្កើនល្បឿនស្ទើរតែស្មើនឹងកម្រិតនៃល្បឿនពន្លឺ (៣សែនគីឡូម៉ែត្រក្នុងមួយវិនាទី)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Science Alert នាថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩។

យើងគ្រប់គ្នាដឹងច្បាស់ហើយថា សារជាតិមនុស្សតាំងតែពីដើមមកគឺតែងផ្តោតសំខាន់ទៅលើ ការរុករក ការធ្វើដំណើរនៅគ្រប់ទីកន្លែង និងការចង់ដឹងក៏ដូចជាចង់ឃើញនឹងភ្នែកគ្រប់របស់អ្វីទាំងអស់។ ដូច្នេះហើយលំហអវកាស​គឺជាឧបសគ្គដ៏មហាធំមួយសម្រាប់ពួកយើង ពោលគឺវាធំធេងខ្លាំងជ្រុលពេក។

ប៉ុន្តែសារជាតិមនុស្សក៏ផ្តោតទៅលើការស្វែងរកដំណោះស្រាយ សម្រាប់បញ្ហាធំៗផងដែរ ហើយវាគឺជាអ្វីដែលលោក David Burns វិស្វកររបស់អង្គការ NASA បានចំណាយពេលវេលាផ្តោតការយកចិត្តទុកដាក់ នៅពេលទំនេររបស់លោក។ លោក Burns បានបង្កើតនូវទ្រឹស្តីម៉ាស៊ីនមួយដែលលោកអះអាងថា អាចបង្កើនល្បឿនដល់ ៩៩ភាគរយនៃល្បឿនពន្លឺ។

គួរជម្រាបថា បើតាមលោក Burns ទ្រឹស្តីម៉ាស៊ីននោះត្រូវបានហៅថា Helical Engine និងកំពុងរង់ចាំការវាយតម្លៃរបស់ក្រុមអ្នកជំនាញ។ វាត្រូវបានគេបកស្រាយជាមុនថា ជាការសិក្សាអំពីវត្ថុដែលមានទម្ងន់ (Mass) ដែលមានឥទ្ធិពលទៅដល់កម្រិតនៃលឿនរបស់វា នៅពេលវាចល័តទៅមុខ។

លោក Burns ក៏បានបកស្រាយផងដែរថា ទ្រឹស្តីរបស់លោកគឺប្រៀបដូចជាការយក​ប្រអប់មួយផ្ទុកវត្ថុដែលមានទម្ងន់ធ្ងន់នៅខាងក្នុង ហើយយកប្រអប់នោះទៅដាក់នៅលើ​បន្ទាត់មួយ ហើយក៏បន្ទាបចុងម្ខាងទៀតនៃបន្ទាត់នោះ រួចប្រអប់នោះមិនបានរំកិលចុះទេ ប៉ុន្តែវត្ថុដែលនៅក្នុងវានោះបានចល័ត។ វាមិនខុសពីបាតុភូតនៅក្នុងទីអវកាសនោះឡើយ ដោយវត្ថុមានទម្ងន់នៅក្នុងប្រអប់មួយ អាចរំកិលចុះឡើង ប៉ុន្តែវាមើលទៅប្រអប់ដូចជានៅស្ងៀម។

ជាក់ស្តែងទោះបីជាប្រអប់នៅនឹងថ្កល់ក្តី នោះក៏ព្រោះតែទម្ងន់ដែលផ្ទុក មិនទាន់គ្រប់គ្រាន់អាចបង្ខំឲ្យវារំកិលខ្លួនបាន។ ដូច្នេះវិធីដែលអាចឲ្យវាចល័តបាន គឺបង្កើនទម្ងន់នៅចុងប្រអប់ដែលទេរចុះក្រោម ដើម្បីឲ្យទិសដែលវាត្រូវរំកិលទៅរក មានកម្លាំងអាចរុញច្រានល្បឿនទៅមុខ។ ប៉ុន្តែបាតុភូតនេះអាចសម្រេចទៅបាន វាទាល់តែមានកម្លាំងមកពីខាងក្រៅ។ តើកម្លាំងមកពីខាងក្រៅនោះជាអ្វី និងមានប្រភពមកពីណា? ដូច្នេះវាពិតណាស់ថា អ្នកសិក្សាស្រាវជ្រាវត្រូវការពេលយូរទៀត នៅក្នុងការបកស្រាយទ្រឹស្តី នៃការបង្កើនល្បឿន ៩៩% នៃល្បឿនពន្លឺនេះ៕

480×240 Banner