ឈុតអវកាសទើបរចនាម៉ូដថ្មីនេះ នឹងត្រូវប្រើសម្រាប់បេសកកម្មនៅឋានព្រះច័ន្ទឆ្នាំ២០២៤
(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបញ្ចេញឈុតអវកាសជំនាន់ថ្មី ដែលនឹងត្រូវប្រើក្នុងបេសកកម្មបញ្ជូន មនុស្សទៅជាន់លើផ្ទៃព្រះច័ន្ទនៅឆ្នាំ២០២៤។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩។
ថ្ងៃអង្គារសប្តាហ៍នេះប្រធានអង្គការ NASA បានរៀបចំកម្មវិធីបង្ហាញគំរូឈុតអវកាសចំនួនពីរ ដែលរចនាឡើងសម្រាប់ការរុករកនៅឋានព្រះច័ន្ទ។ ក្នុងនោះមួយឈុត គឺសម្រាប់ពេលបំពេញការងារនៅលើផ្ទៃរបស់ព្រះច័ន្ទ ហៅថាឈុត xEMU និងមួយទៀត សម្រាប់ពេលជិះក្នុងយាន Orion ចុះឬឡើងឋានព្រះច័ន្ទហៅថា ឈុត Orion Crew Survival System។
បើតាមអង្គការ NASA គុណសម្បត្តិចម្បងរបស់ឈុត xEMU ធៀបនឹងឈុតជំនាន់មុន គឺអវកាសយានិកអាចធ្វើចលនាបានពេញលេញច្រើន។ សម្រាប់រូបរាងរបស់វាវិញ គឺមានពណ៌សលាយក្រហមនិងខៀវ មិនមែនសនោះទេ។ រីឯឈុត Orion Crew Survival System មានពណ៌ទឹកក្រូច។
គួរជម្រាបថា ជាដំបូងក្រុមអវកាសយានិកនៅស្ថានីយអវកាសអន្តរជាតិ នឹងធ្វើតេស្តឈុតអវកាសថ្មីទាំងនេះ ហើយពួកវាក៏នឹងត្រូវប្រើប្រាស់នៅក្នុងស្ថានីយអវកាស ដែលគ្រោងបង្កើតឡើងនៅគន្លងព្រះច័ន្ទ និងភពអង្គារផងដែរ ខណៈ NASA នឹងបញ្ជូន អវកាសយានិកមានស្រី និងប្រុសឲ្យទៅជាន់ផ្ទៃព្រះច័ន្ទសាជាថ្មីនៅឆ្នាំ២០២៤ និងទៅដល់លើផ្ទៃភពអង្គារនៅអំឡុងទសវត្សរ៍ឆ្នាំ២០៣០៕