បណ្តាញផ្កាយរណបយក្សរបស់ SpaceX កំពុងក្លាយជាសុបិនអាក្រក់សម្រាប់ក្រុមតារាវិទូ

211

(អាមេរិក)៖ បណ្តាញផ្កាយរណបយក្សសម្រាប់ផ្តល់សេវាអ៊ីនធើណែតហៅថា Starlink របស់ក្រុមហ៊ុនអវកាសអាមេរិក SpaceX ប្រហែលជាអាចកើនឡើងចំនួន​លើសពីការគ្រោងទុក ប៉ុន្តែវាប្រាកដណាស់ថានឹងក្លាយជាសុបិនអាក្រក់ នៃក្រុមតារាវិទូទាំងអស់លើផែនដី ដែលចង់បានផ្ទៃមេឃស្រឡះជាប់ជានិច្ច ដោយគ្មានអ្វីមករំខានដល់ការអង្កេតផ្ទៃមេឃរបស់ពួកគេ។

បច្ចុប្បន្ន SpaceX ទទួលបានការអនុញ្ញាតពីរដ្ឋបាលអាមេរិក ដើម្បីបង្កើតបណ្តាញ Starlink ដែលមានផ្កាយរណបចំនួន ១២,០០០គ្រឿងនៅក្នុងទីអវកាស ប៉ុន្តែ SpaceX ទើបតែបានព្យាយាមស្នើសុំ​ដើម្បីពង្រីកបន្ថែមចំនួន ៣០,០០០គ្រឿងទៀត។ សព្វថ្ងៃនេះមានផ្កាយរណបតែប្រមាណជាង ២,០០០គ្រឿងប៉ុណ្ណោះ ដែលកំពុងតែធ្វើប្រតិបត្តិការនៅជុំវិញភពផែនដីយើង ខណៈគម្រោងបង្ហោះផ្កាយរណប បន្ថែមយ៉ាងច្រើនសម្បើមបែបនេះដោយក្រុមហ៊ុន SpaceX មិនដឹងថា នឹងអាចសម្រេចដល់ទីបញ្ចប់តាមការំពឹងទុកដែរ ឬក៏យ៉ាងណានោះឡើយ។

គួរជម្រាបថា សម្រាប់គម្រោងបណ្តាញ Starlink បានចាប់ផ្តើមការផ្គុំជាបណ្តើរៗហើយ ដោយកាលពីខែឧសភាកន្លងទៅ SpaceX បានបញ្ជូនផ្កាយរណប ៦០គ្រឿងដំបូងឡើងទៅកាន់ទីអវកាស ហើយរាប់សិបគ្រឿងទៀតអាចនឹងត្រូវបញ្ជូន បន្តនៅមុនដំណាច់ឆ្នាំ២០១៩ នេះតែម្តង។ ក្រៅពី SpaceX ក្រុមហ៊ុនមួយចំនួនទៀត ក៏មានមហិច្ឆតាបង្កើតបណ្តាញផ្កាយរណបយក្សស្រដៀងគ្នាៗនេះដែរ ដូចជាក្រុមហ៊ុន Amazon របស់កំពូលមហាសេដ្ឋី Jeff Bezos និងក្រុមហ៊ុន OneWeb ជាដើម៕

ប្រភព៖ Space (ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩)

480×240 Banner