ទីបំផុត NASA «ព្រមយកភពអ៊ុយរ៉ាណុស និងណិបទូន ធ្វើជាទិសដៅបញ្ជូនយានទៅសិក្សាស្រាវជ្រាវ» នៅអំឡុងទសវត្សរ៍ឆ្នាំ២០២០!

153

(អាមេរិក)៖ គំនិតសម្រាប់បេសកកម្មថ្មី​ របស់ទីភ្នាក់ងារ​អវកាសអាមេរិក NASA ត្រូវបានបង្ហើប​ឲ្យដឹងថា គឺការសិក្សាស្រាវជ្រាវលើបរិស្ថាន គ្របដណ្តប់​​ដោយឧស្ម័ន​របស់ភពអ៊ុយរ៉ាណុស និងភពណិបទូន ដែលជាភពពីរ​ស្ថិតនៅតំបន់ចុង​ប្រព័ន្ធព្រះអាទិត្យ និងមានយានអវកាស​ធ្លាប់ទៅដល់តែ​​ម្តងគត់។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។

អង្គការ NASA បានចេញ​សេចក្តីថ្លែងការណ៍​មួយឲ្យដឹងថា ខ្លួនមានគំនិតដ៏ល្អៗ​ជាច្រើនសម្រាប់​បេសកកម្មនា​ពេលអនាគត ដើម្បីយក​មក​​​ធ្វើ​ការ​ពិចារណា រួម​មាន​ទាំង​ការ​បញ្ជូនយាន​សម្រាប់ការហោះឆ្វែល​ទៅកៀក, យានសម្រាប់ធ្វើ​ដំណើរគោចរជុំវិញ, និង​សូម្បី​តែ​យាន​សម្រាប់​មុជ​ចូល​ទៅក្នុង​បរិយាកាស​របស់ភពអ៊ុយរ៉ា​ណុស ហើយវាស្ថិត​នៅក្នុងគម្រោង​បេសកកម្ម ដែលអង្គការ NASA បាន​រៀប​ចំ​ឡើង​សម្រាប់ចន្លោះ​​ឆ្នាំ​២០២២ ដល់ឆ្នាំ​២០៣២​។

ទីភ្នាក់ងារអវកាស​អាមេរិក បានលើក​ឡើងថា «ការរុករុក និងសិក្សាស្រាវជ្រាវ​ដោយលម្អិត​ ទៅលើយ៉ាង​ហោចណាស់​ភពមួយ ក្នុងចំណោម​ភព​​ទាំងពីរនេះ និងបរិស្ថាន​របស់វា​ ដែលរួមមានទាំងព្រះច័ន្ទ ខ្សែក្រវ៉ាត់ និងដែនម៉ាញេទិច​ដ៏ចម្លែកៗ។ ពួកយើង​មិនទាន់ដឹងថា តើភពទាំងពីរ​នេះ បានកកើតឡើង​ដោយរបៀបណា ឬមួយក៏តើហេតុអ្វី​បានជាពួកវា​ក៏ដូចជាព្រះច័ន្ទរបស់ពួកវា មានរូបរាងដូចសព្វ​ថ្ងៃនោះឡើយ។ ម៉្យាង​វិញ​ទៀត តំរុយសំខាន់ៗ ពាក់ព័ន្ធនឹង​ការចាប់កំណើត​រួមទាំងការវិវឌ្ឍ​នៃប្រព័ន្ធព្រះអាទិត្យ អាចនឹងត្រូវ​រកឃើញ ដោយ​វិធី​តែ​មួយ​គត់ គឺ​តាម​រយៈការសិក្សា​​យ៉ាងលម្អិតទៅ​លើភពមួយ ក្នុងចំណោមនោះ ឬកាន់តែប្រសើរ​ថែមទៀតនោះ​ គឺការសិក្សា​ទៅលើភព​ទាំងពីរតែម្តង»។

គួរបញ្ជាក់ថា ភពទាំងពីរ​ធ្លាប់មានយានអវកាស​តែមួយគត់​ទៅដល់ គឺយាន Voyager 2 ដែលបានហោះ​កាត់ភពអ៊ុយរ៉ាណុស​កាលពីឆ្នាំ​១៩៨៦ និងណិបទូន​កាលពីឆ្នាំ១៩៨៩ នៅក្នុងដំណើរ​ផ្សងព្រេង​តែមួយ៕

480×240 Banner