ព្យុះយក្សក្រហម Great Red Spot គឺល្បីល្បាញបំផុតប្រចាំប្រព័ន្ធព្រះអាទិត្យ, តើវានឹងរលាយនៅពេលណា?

138

(អាមេរិក)៖ នៅពេលដែលអ្នកគិតដល់ភពព្រហស្បតិ៍ អ្នកប្រាកដនឹកឃើញរូបភាពដ៏អស្ចារ្យ​របស់វាភ្លាមៗតែម្តង នោះគឺភាពធំដាច់គេ, ពណ៌ឆ្នូតៗចំឡែកជាងគេ និងជាពិសេសនោះ គឺព្យុះកួចក្រហមដ៏ធំអស្ចារ្យ (Great Red Spot) ដែលធំបំផុតប្រចាំប្រព័ន្ធព្រះអាទិត្យ ដែលអាចផ្ទុកភពផែនដីរហូតដល់ទី ៣ ឯណោះ។

ព្យុះនេះមានលក្ខណៈវិសេសខ្លាំង ព្រោះតែវាស្ថិតនៅលើភពព្រហស្បតិ៍ជិត ២០០ឆ្នាំមកហើយ នៅពេលកែវយឺតតារាវិទូពីបុរាណ បានអង្កេតឃើញវាដំបូងតាំងតែពីឆ្នាំ១៨៣១ មកមកម្ល៉េះ ប៉ុន្តែវាអាចមានអាយុវែងជាងនេះ ដោយតារាវិទូមួយចំនួនបានសន្និដ្ឋានថា Great Red Spot អាចមានអាយុរហូតដល់ទៅជាង ៣០០ឆ្នាំឯណោះ។

សម្រាប់ល្បឿននៃព្យុះនេះគឺអាចលោតពីចន្លោះ ៤៣០ ទៅ ៦៨០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលវាលឿនជាងឆ្ងាយពីព្យុះហឺរីខិនដ៏លឿនបំផុតលើផែនដី ២៨១គីឡូម៉ែត្រក្នុងមួយម៉ោង​នោះទៅទៀត។ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានអះអាងផងដែរថា ការបង្ហាញរូបភាពរបស់ Great Red Spot គឺជាឧទាហរណ៍ជាក់ស្តែងដែលបង្ហាញថា ភពព្រហស្បតិ៍មិនមានផ្ទៃរឹងនោះឡើយ ព្រោះគ្រាន់តែផ្ទៃមេឃរបស់វានោះ ក៏មានកម្រាស់ជាង ៧០គីឡូម៉ែត្រទៅហើយ។

ទោះបីជាបែបនេះក្តី បច្ចុប្បន្នព្យុះ Great Red Spot កាន់តែរួមតូចទៅៗហើយ ដោយបច្ចុប្បន្នវាអាចត្រឹមផ្ទុកផែនដីបាន ២ ប៉ុណ្ណោះ។ កាលពីខែមេសា ឆ្នាំ២០១៧ តារាវិទូបានគណនាថា ព្យុះក្រហមយក្ស Great Red Spot មានមុខកាត់ ១៦,៣៥០គីឡូម៉ែត្រ។ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានគណនាផងដែរថា ប្រមាណតែពី ១០ ទៅ ២០ឆ្នាំទៀតប៉ុណ្ណោះ ព្យុះនេះនឹងកាន់តែរួមតូច ឬក៏អាចបាត់ប្រមោលតែម្តងក៏ថាបាន៕

480×240 Banner