តើអ្នកជាន់ដីភពព្រះអង្គារដំបូងគេនៅទសវត្សរ៍ឆ្នាំ២០៣០ គឺជាស្ត្រីមែនឬ?

141

(អាមេរិក)៖ ប្រធានអង្គការ NASA លោក Jim Bridenstine បានលើកឡើងថា មនុស្សដំបូងបំផុតដែលនឹងទៅជាន់លើផ្ទៃដីរបស់ព្រះភពអង្គារ (Mars) អាចជាមនុស្សស្រី ដែលប្រការនេះនឹងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសូម្បីតែលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានសម្តែងការកោតសរសើរផងដែរ ចំពោះស្ត្រីអវកាស។

លោក Bridenstine បានលើកឡើងដូចខាងលើនេះ ក្នុងសន្និសីទសារព័ត៌មានមួយ​កាលពីប៉ុន្មានថ្ងៃមុន ស្តីពីការធ្វើបេសកកម្មរបៀប Spacewalk (ចេញបណ្តែតខ្លួនក្នុងទីអវកាស) ដែលប្រព្រឹត្តទៅដោយអវកាសយានិកអាមេរិកពីររូប ដែលជាស្រ្តីទាំងពីរនាក់តែម្តង ខណៈបេសកកម្មប្រភេទនេះ ធ្លាប់តែធ្វើឡើងដោយក្រុមអវកាសយានិកជាប្រុសទាំងអស់ ឬក៏មានស្រីនិងប្រុស ពោលវាគឺជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនៃវិស័យអវកាស។

គួរជម្រាបថា សព្វថ្ងៃអង្គការ NASA មិនមានផែនការរឹងមាំជាក់លាក់ សម្រាប់ការបញ្ជូនមនុស្សទៅកាន់ភពអង្គារនោះទេ ខណៈព្រះច័ន្ទកំពុងស្ថិតនៅជាអាទិភាព​សម្រាប់ការស្រាវជ្រាវ ប៉ុន្តែលោក Jim Bridenstine ធ្លាប់បានបញ្ជាក់ថា បេសកកម្មបញ្ជូនក្រុមអវកាសយានិកទៅចុះលើភពអង្គារ អាចកើតឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ២០៣០។

ដោយឡែក សម្រាប់បេសកកម្មបញ្ជូនក្រុមអវកាសយានិក ឲ្យទៅជាន់ដីព្រះច័ន្ទសាជាថ្មី នៅឆ្នាំ២០២៤ ក្នុងនោះក៏នឹងមានស្រ្តីម្នាក់ ដែលនឹងជាប់ឈ្មោះក្នុង​ប្រវត្តិសាស្រ្តក្លាយជាមនុស្សស្រីដំបូងគេ ដែលបានទៅដល់លើផ្ទៃព្រះច័ន្ទផងដែរ។ បេសកកម្មនេះ ព្រមទាំងគម្រោងសាងសង់ស្ថានីយអវកាស​នៅក្បែរគន្លងព្រះច័ន្ទ គឺជាផ្នែកនៃកម្មវិធីឈ្មោះថា Artemis របស់អង្គការ NASA ដែលមានគោលដៅបង្កើត និងរក្សាវត្តមានរបស់មនុស្សលោកយើងជាអចិន្រ្តៃយ៍នៃ នៅលើផ្ទៃក៏ដូចជាក្បែរព្រះច័ន្ទ ដើម្បីជួយត្រួសត្រាយផ្លូវសម្រាប់ គម្រោងបេសកកម្មជាបន្តបន្ទាប់ទៀតឆ្ពោះទៅកាន់ភពអង្គារ៕

480×240 Banner