ព្យុះកំណាចធំៗក៏អាចបង្កទៅជាគ្រោះរញ្ជួយផែនដីបានដែរ, នេះបើតាមការសិក្សាថ្មីៗ

134

(អាមេរិក)៖ ព្យុះហឺរីខិនដែលខ្លាំងក្លាបំផុតនៅលើភពផែនដី តែងតែធ្វើឲ្យផ្ទៃសមុទ្រមានសភាព​ពុះកញ្ជ្រោលគួរឲ្យភ័យខ្លាចបំផុត ហើយភាពកញ្ជ្រោលនៃដែនសមុទ្រនោះហើយ ក៏អាចបង្កជាគ្រោះរញ្ជួយដីកម្រិតស្រាលៗបានផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយពី Science News នាថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩។

តាមរយៈអត្ថបទចេញផ្សាយក្នុងការស្រាវជ្រាវភូមិសាស្ត្រ Geophysical Research Letters កាលពីពាក់កណ្តាលខែតុលា បានពន្យល់អំពីបាតុភូតផ្សាភ្ជាប់គ្នារវាងបរិយាកាសផែនដី មហាសមុទ្រ និងស្រទាប់ដី។ មិនដូចជាការរញ្ជួយដីជាទូទៅ (Earthquake) ដែលត្រូវបានបង្កឡើងដោយការ​ប្រែប្រួលនៃចលនាស្រទាប់ក្នុងទៅវិញទៅមកនៃផែនដី ដែលនាំឲ្យកើតចេញជារញ្ជួយនោះឡើយ ព្រោះការញ័ររញ្ជួយដោយព្យុះសង្ឃរាធំៗនោះ (Stormquake) វាមានលក្ខណៈខុសពីបាតុភូតក្នុងស្រទាប់ដី។

ដែនសមុទ្រដែលត្រូវបានបោកបក់ខ្លាំង ដោយសារខ្យល់ព្យុះមានកម្លាំងដ៏មហិមានោះ ចលនាកញ្ជ្រោលនៃទឹកសមុទ្រ ក៏កើនឡើងក្នុងទ្រង់ទ្រាយធំមហាសាលផងដែរ។ ដូចជាព្យុះហឺរីខិនជាដើម វាអាចបង្កទៅជាបាតុភូតរញ្ជួយដីក្នុងកម្រិតស្រាល ៣.៥រ៉ិចទ័រ ដែលនៅពេលខ្លះមនុស្សយើងមិនអាចទទួលដឹងឡើយ ប៉ុន្តែឧបករណ៍វាស់ស្ទង់កម្រិតញ័ររញ្ជួយនោះ គឺអាចចាប់បានសញ្ញានេះភ្លាមៗ។

 

បើតាមការអត្ថបទសិក្សាខាងលើនេះ ការចាប់ផ្តើមពិសោធន៍អំពីបាតុភូតនេះ គឺស្ថិតនៅក្នុងការចាប់ផ្តើមនៅឡើយ ប៉ុន្តែវាត្រូវបានធ្វើឡើងក្រោយពីមានឧទាហរណ៍ជាក់ស្តែង​មួយចំនួនដូចជានៅសហរដ្ឋអាមេរិក កោះតៃវ៉ាន់ ឬក៏ជប៉ុនជាដើម ដែលធ្លាប់បានកើតមានគ្រោះរញ្ជួយដី​ក្នុងកម្រិតស្រាលៗនៅពេលព្យុះដ៏ខ្លាំងមហិមា កំពុងតែធ្វើដំណើរលើផ្ទៃសមុទ្រ និងជិតរំកិលទៅវាយប្រហារតំបន់ឆ្នេរនៃប្រទេសទាំងនោះ។

គួរបញ្ជាក់ថា ទោះបីជាបាតុភូតខាងលើនេះ ទើបត្រូវបានក្រុមអ្នកសិក្សាចាប់អារម្មណ៍ខ្លាំងក៏ដោយ ប៉ុន្តែបាតុភូតសមុទ្របង្កទៅជារលករំញ័របែបនេះ គឺត្រូវបានគេដឹងយូរណាស់មកហើយ។ ក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានរកឃើញថា រលកនៃមហាសមុទ្រនានាតែងតែបង្កើតរំញ័រលើផ្ទៃដី​យ៉ាងហោចណាស់នៅរាល់ ២ ទៅ ៣នាទីម្តងដែលយើងហៅវាថា សេស្មីច (Seismic)៕

480×240 Banner