កែវយឺតអវកាសចន្ទ្រាថតបានបាតុភូតចម្លែក ដែលបន្សល់ទុកពីបន្ទុះសូពើណូវ៉ា
(បរទេស)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបបញ្ចេញរូបភាពថ្មីទៀត នៃវត្ថុចម្លែកដែលបន្សល់ទុកពីបាតុភូតបន្ទុះស៊ូភើណូវ៉ាឈ្មោះថា ធីចូ (Tycho)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន CNET នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩។
ទីភ្នាក់ងារអវកាស NASA បានប្រើប្រាស់កែវយឺតអវកាសចន្ទ្រា (Chandra) របស់ខ្លួន ដើម្បីចាប់យករូបភាពថ្មីនេះព្រោះ Chandra មានសមត្ថភាពខ្លាំងក្នុងការរកមើលការបញ្ចេញកាំរស្មី X-ray ដែលហួសពីអ្វីភ្នែកមនុស្សយើងអាចមើលឃើញ។ បាតុភូតស៊ូភើណូវ៉ាខាងលើ ទទួលបានឈ្មោះ Tycho ពីតារាវិទូដាណឺម៉ាកម្នាក់ឈ្មោះ ធីចូ ប្រាហេ (Tycho Brahe) ដែលជាអ្នកបានប្រទះឃើញពន្លឺដ៏ភ្លឺចែងចាំងរបស់វា នៅលើផ្ទៃមេឃពេលរាត្រីតាំងតែពីឆ្នាំ១៥៧២ មកម្ល៉េះ។
គួរជម្រាបថា យោងតាមអង្គការ NASA បន្ទុះស៊ូភើណូវ៉ា Tycho ជាប្រភេទ Type Ia ដែលកើតឡើងនៅពេលផ្កាយស White Dwarf ស្រូបទាញយករូបធាតុពីផ្កាយជិតខាងមួយទៀត ឬក៏រលាយចូលគ្នាជាមួយផ្កាយមួយដួងនោះ រហូតបង្កឲ្យបាតុភូតបន្ទុះដ៏ខ្លាំងសម្បើម។ ព្រឹត្តិការណ៍បន្ទុះស៊ូភើណូវ៉ាបានបន្សល់ទុកវត្ថុម៉្យាងដែលមានរូបរាង និងពណ៌យ៉ាងចម្លែក៕