ជប៉ុនក៏ចូលរួមដំណើរទៅឋានព្រះច័ន្ទដែរ ដោយត្រូវសហការជាមួយប្រទេសពីរទៀត…

110

(តូក្យូ)៖ ប្រទេសជប៉ុនដែលស្ថិតនៅក្នុងចង្កោមនៃមហាអំណាចអវកាសផងដែរនោះ ក្រៅពីការព្យាយាមសិក្សាអំពីអាចម៍ផ្កាយធំៗ ពេលនេះខ្លួនក៏កំពុងរៀបចំគោលដៅជាច្រើន ដើម្បីសិក្សាស្រាវជ្រាវនៅលើឋានព្រះច័ន្ទដូចគេឯងដែរ ប៉ុន្តែកិច្ចការនោះអាចសម្រេចទៅបាន គឺតម្រូវឲ្យប្រទេសនេះបង្កើតកិច្ចសហការជាមួយសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ Space នាថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩។

អង្គការអវកាសជាតិជប៉ុន JAXA បានចុះហត្ថលេខារួចហើយ ដើម្បីធ្វើជាដៃគូជាមួយគំរោង Artemis ដែលអង្គការ NASA កំពុងតែរៀបចំអនុវត្តន៍ក្នុងការត្រៀមបញ្ជូនមនុស្ស ឡើងទៅស្រាវជ្រាវនៅឋានព្រះច័ន្ទម្តងទៀត នៅឆ្នាំ២០២៤ និងយកព្រះច័ន្ទជាកន្លែងឈរជើង ដើម្បីបន្តដំណើរការដឹកនាំមនុស្សទៅភពអង្គារ នៅក្នុងឆ្នាំ២០៣៥។ ទោះបីជាយ៉ាងណាក៏ដោយ ចំណុចដែលជប៉ុនបានចុះហត្ថលេខា ជាមួយអង្គការ NASA របស់អាមេរិកនោះ មិនទាន់មានការបញ្ជាក់នោះឡើយ ប៉ុន្តែព័ត៌មានមួយត្រូវបានបង្ហើបថា ជប៉ុនក៏ត្រូវចូលរួមសហការជាមួយឥណ្ឌាផងដែរ ដើម្បីធ្វើរឿងមួយចំនួន។

តំណាងអង្គការអវកាសជប៉ុន JAXA លោក Ryo Hirasawa បានលើកឡើងយ៉ាងដូច្នេះថា «វាមិនងាយស្រួលនោះឡើយ នៅក្នុងការសម្រេចជោគជ័យលើបេសកកម្មរបស់យើង…។ យើងក៏បានសម្រេចចិត្តរួមសហការជាមួយ ISRO (អង្គការអវកាសឥណ្ឌា) ផងដែរ…។» ឥណ្ឌាត្រូវបានគេដឹងថា កំពុងតែបំពេញបេសកកម្មស្រាប់នៅព្រះច័ន្ទ ជាមួយយានអវកាស Chandrayaan 2 ដែលគោចរជុំវិញព្រះច័ន្ទ ហើយបើទោះបីជាយានចល័ត Vikram បានធ្លាក់ខូចក៏ដោយ តែផ្កាយរណបនៅតែដំណើរការជាធម្មតា។

គួរបញ្ជាក់ថា ការសម្រេចបំពេញបេសកកម្មរបស់ជប៉ុន និងឥណ្ឌារួមគ្នានេះ គឺជាការចែកការងារគ្នាធ្វើ ដោយជប៉ុនជាអ្នកផលិតរ៉ុក្កែត និងរ៉ូបូត (Rover) សម្រាប់ចល័តលើព្រះច័ន្ទ រីឯឥណ្ឌាវិញគឺត្រូវទទួលខុសត្រូវ​លើការផលិតយានផ្ទុក Rover ដើម្បីចុះចតនៅលើព្រះច័ន្ទ។ បេសកកម្មនេះនឹងត្រូវធ្វើឡើងក្នុងទិសដៅស្របគ្នាជាមួយគំរោង Artemis របស់អង្គការ NASA ដោយនឹងត្រូវបញ្ជូនយានគ្មានមនុស្សជិះទៅត្រួសត្រាយផ្លូវមុន នៅក្នុងឆ្នាំ២០២៣ មុននឹងការបញ្ជូនមនុស្សពិតនៅឆ្នាំ២០២៤៕

 

480×240 Banner