មនុស្សត្រៀមបញ្ចេញ «ផែនទីនៃចក្រវាឡ» ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ!

228

(ម៉ូស្គូ)៖ កែវយឺតអវកាស Spektr-RG ដែលជាគម្រោងរួមគ្នារវាងរុស្ស៊ី និងអាល្លឺម៉ង់ បានចាប់ផ្តើមបង្កើតផែនទីនៃចក្រវាឡហើយ ក្រោយពីវាត្រូវបានបញ្ជូនចេញពីផែនដី កាលពីប៉ុន្មានខែមុន។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ កែវយឺតអវកាស Spektr-RG បានធ្វើដំណើរទៅដល់ទីតាំង ដើម្បីធ្វើប្រតិបត្តិការរបស់វា ដែលស្ថិតនៅចម្ងាយ ១.៥លានគីឡូម៉ែត្រពីភពផែនដី ហើយវាបានចាប់ផ្តើមការងារបង្កើតផែនទី នៃចក្រវាឡជាបណ្តើរៗហើយ។ បេសកកម្ម Spektr-RG គឺជាគម្រោងដែលត្រូវបានអភិវឌ្ឍឡើងរួមគ្នា រវាងទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos និងទីភ្នាក់ងារអវកាសរបស់អាល្លឺម៉ង់ DLR។

គួរជម្រាបថា កែវយឺតអវកាស Spektr-RG ត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋាន Baikonur Cosmodrome នៅប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ។ សម្រាប់រយៈពេល ០៤ឆ្នាំខាងមុខ កែវយឺតអវកាសនេះត្រូវគេរំពឹងថា នឹងធ្វើការអង្កេតផ្ទៃមេឃក្នុងលក្ខណៈយ៉ាងលម្អិត ដើម្បីបង្កើតផែនទីចក្រវាឡ ដោយប្រើបច្ចេកវិទ្យាកាំរស្មីអ៊ិច ខណៈកាំនៃចក្រវាឡត្រូវបានក្រុមតារាវិទូសន្មត់ថា មានប្រវែង ៤៦ពាន់លានឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ)៕

480×240 Banner