លើកនេះ NASA នឹងបញ្ជូនយានលូស៊ីទៅកាន់ក្រុមអាចម៍ផ្កាយ ស្ថិតនៅក្បែរៗភពព្រហស្បតិ៍

126

(អាមេរិក)៖ បេសកកម្មលើកទីមួយដើម្បីបញ្ជូនយានទៅសិក្សាអំពីចង្កោមអាចម៍ផ្កាយ ដែលធ្វើដំណើរក្រឡឹងជុំវិញព្រះអាទិត្យ តាមបណ្តោយគន្លងគោចររបស់ភពព្រហស្បតិ៍ (Jupiter) នោះបានឆ្លងកាត់ដំណាក់កាលដ៏សំខាន់មួយ ដើម្បីឈានឆ្ពោះទៅរកការបាញ់បង្ហោះរបស់វា​នៅឆ្នាំ២០២១។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីវែបសាយព័ត៌មាន Space នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩។

ទីភ្នាក់ងារអវកាសអាមេរិក NASA ថ្មីៗនេះបានប្រកាសឲដឹងថា គម្រោងអភិវឌ្ឍយានអវកាសឈ្មោះ Lucy ដែលមានគោលដៅ ទៅសិក្សាអំពីក្រុមអាចម៍ផ្កាយហៅថា Trojan នោះបានឆ្លងផុតដំណាក់កាល​វាយតម្លៃលើផ្នែករចនាដ៏សំខាន់ ហើយនាពេលនេះគឺវាអាចបន្តទៅរកដំណាក់កាល ផលិតចេញជារូបរាងឡើងបានហើយ។

ក្រុមអាចម៍ផ្កាយ Trojan ធ្វើដំណើរជុំវិញព្រះអាទិត្យនៅក្នុងចង្កោមចំនួនពីរ ដោយចង្កោមនាំមុខរបស់វា ស្ថិតនៅខាងមុខភពព្រហស្បតិ៍ និងមួយទៀតស្ថិតនៅពីខាងក្រោយភពព្រហស្បតិ៍។ អ្នកវិទ្យាសាស្រ្តជឿជាក់ថា អាចម៍ផ្កាយទាំងនេះជាវត្ថុដ៏ចំណាស់ ដែលបន្សល់ទុកពីសម័យកកើតឡើងភពនៅរង្វង់ខាងក្រៅ (Outer Planets) ក្នុងប្រព័ន្ធព្រះអាទិត្យយើង ដូច្នេះហើយពួកគេចង់ស្វែងយល់​ពីក្រុមដុំថ្មអវកាសទាំងអស់នេះឲ្យបានលម្អិត។

គួរជម្រាបថា ប្រសិនបើអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុក យាន Lucy នឹងហោះចេញពីផែនដីបាន នៅខែតុលា ឆ្នាំ២០២១ ហើយក្រឡឹងភពរបស់យើងពីរជុំ ដើម្បីប្រើកម្លាំងទំនាញរុញច្រាន រួចហោះឆ្វែលអាចម៍ផ្កាយដំបូងរបស់វា នៅខែមេសា ឆ្នាំ២០២៥។ អាចម៍ផ្កាយនោះមានឈ្មោះថា Donald Johanson និងស្ថិតនៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ដែលនៅចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter)។

បន្ទាប់មកទៀត យាន Lucy នឹងហោះឆ្វែលអាចម៍ផ្កាយ Trojan ចំនួន០៤ ដែលនៅចង្កោមនាំមុខ។ ព្រឹត្តិការណ៍ហោះឆ្វែលនេះ នឹងកើតឡើងនៅខែសីហា ឆ្នាំ២០២៧, ខែកញ្ញា ឆ្នាំ២០២៧, ខែមេសា ឆ្នាំ២០២៨, ខែវិច្ឆិកា ឆ្នាំ២០២៨។ ក្រោយមក Lucy នឹង ឆ្ពោះទៅរកចង្កោមអាចម៍ផ្កាយ Trojan ដែលនៅពីក្រោយភពព្រហស្បតិ៍ម្តង។ ជាចុងក្រោយវានឹងហោះឆ្វែលអាចម៍ផ្កាយ Trojan ភ្លោះនៅទីនោះ នៅខែមីនា ឆ្នាំ២០២៣ មុនបិទបញ្ចប់បេសកកម្មរយៈពេល ១២ឆ្នាំរបស់វា៕

480×240 Banner