ក្រោយដំណើរការបានមួយភ្លែត ឥឡូវនេះដៃខួងរបស់យាន InSight គាំងម្តងទៀតហើយលើភពអង្គារ
(វ៉ាស៊ីនតោន)៖ ឧបករណ៍ខួងដីដើម្បីស្ទង់កម្តៅរបស់យាន InSight របស់ទីភ្នាក់ងារអវកាសអាមេរិក NASA កាលពីប៉ុន្មានថ្ងៃមុនបានជួបបញ្ហាសាជាថ្មីម្តងទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩។
បើតាមអង្គការ NASA រូបភាពបានមកពីយាន InSight កាលពីថ្ងៃទី២៦ ខែតុលា បានបង្ហាញថា ឧបករណ៍បង្គោលខួងដីហៅថា Mole បានលៀនចេញមកខាងលើផ្ទៃដីរបស់ភពអង្គារ (Mars) វិញ។ ឧបករណ៍នេះត្រូវបានរចនាឡើង ដើម្បីឲ្យអាចរុលចូលទៅក្នុងដីដោយខ្លួនឯង និងបានជម្រៅយ៉ាងហោច ០៥ម៉ែត្រ ប៉ុន្តែកាលពីខែកុម្ភៈ ឆ្នាំនេះវាបានគាំងនៅជម្រៅត្រឹមជាង ៣០សង់ទីម៉ែត្រប៉ុណ្ណោះ។
គួរជម្រាបថា ក្រុមវិស្វកររបស់ NASA បានចំណាយពេលរាប់ខែ ដើម្បីរកវិធីសាស្រ្តឲ្យវាដំណើរការជាធម្មតាឡើងវិញ។ ក្នុងខែនេះ NASA ទើបបានប្រកាសថា ឧបករណ៍ខួងដីនោះបានដំណើរការវិញប៉ុណ្ណោះ។ យាន InSight បានទៅដល់លើផ្ទៃភពអង្គារ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីសិក្សាពីសណ្ឋានដីរបស់ភពក្រហមនេះ។ សម្រាប់ការគាំងជាថ្មីនេះ ត្រូវបានក្រុមការងាររបស់មន្ទីរពិសោធន៍ JPL របស់ NASA ចាប់ផ្តើមសិក្សាអំពីការជួសជុលឡើងវិញម្តងទៀត៕