ដុំអាចម៍ផ្កាយធំមួយចន្លោះភពព្រហស្បតិ៍ និងអង្គារ អាចត្រូវកែឈ្មោះជាភពបម្រុង ឬមិនពេញលក្ខណៈវិញ
(អាមេរិក)៖ អាចម៍ផ្កាយមានឈ្មោះថា ហាយហ្គៀ (Hygiea) ដែលជាដុំថ្មអវកាសធំមួយ នៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ (Asteroid Belt) ដែលស្ថិតនៅចន្លោះភពអង្គារ និងភពព្រហស្បតិ៍នោះ អាចនឹងត្រូវចាត់ថ្នាក់សាជាថ្មីឡើងវិញ បន្ទាប់ពីទិន្នន័យថ្មីនៃការអង្កេតបានឲ្យដឹងថា វាអាចជាភពមិនពេញលក្ខណៈ ឬដែលគេហៅថា ភពបម្រុង (Dwarf Planet) ជាជាងត្រឹមជាអាចម៍ផ្កាយធម្មតានោះ។
តាមរយៈលទ្ធផលស្រាវជ្រាវថ្មី ដែលចុះផ្សាយលើទស្សនាវដ្តីធម្មជាតិ និងតារាសាស្រ្ត នាដើមសប្តាហ៍នេះបានឲ្យដឹងថា Hygiea ដែលជាអាចម៍ផ្កាយធំជាងគេទី ៤ នៅតំបន់ Main Asteroid Belt អាចជាអាចម៍ផ្កាយតែមួយគត់ដែលសមាសធាតុផ្សំនៃ ផ្ទៃស្រទាប់ខាងលើរបស់វា មានលក្ខណៈស្រដៀងទៅនឹងភពមិនពេញលក្ខណៈឈ្មោះ ស៊ីរែស (Ceres) នៅតំបន់ជាមួយគ្នានេះ ហើយវាក៏ជាហេតុដែលធ្វើឲ្យគេសង្ស័យថា វត្ថុទាំងពីរទំនងជាមានប្រភពកំណើតដូចគ្នា។ ទិន្នន័យអង្កេតថ្មីនេះ គឺបានមកពីប្រព័ន្ធតេឡេស្កូប VLT ដែលស្ថិតនៅឯតំបន់វាលខ្សាច់ Atacama នៃប្រទេសឈីលី។
គួរជម្រាបថា បើអាចម៍ផ្កាយ Hygiea ត្រូវចាត់ថ្នាក់សាជាថ្មីមែន វានឹងជំនួសតំណែងរបស់ Ceres ក្លាយជា «ភពមិនពេញលក្ខណៈ ឬ Dwarf Planet» ដែលមានទំហំតូចជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ Ceres មានអង្កត់ផ្ចិតប្រវែង ៩៥០គីឡូម៉ែត្រ ខណៈ Hygiea មានមុខកាត់ប្រហែលប្រវែង ៤៣០គីឡូម៉ែត្រប៉ុណ្ណោះ។ បច្ចុប្បន្ន Ceres គឺជា Dwarf Planet តែមួយកត់ ដែលស្ថិតក្នុងចំណោមដុំថ្មអវកាសធំៗជាងគេទាំង ៤ នៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយដែលនៅចន្លោះភពអង្គារ និងព្រហស្បតិ៍។
ក្រៅពី Hygiea និង Ceres ដុំថ្មអវកាសធំៗទាំងពីរផ្សេងទៀតគឺអាចម៍ផ្កាយ Vesta និង Pallas ដែលអ្នកវិទ្យាសាស្ត្របានចាប់អារម្មណ៍ជាយូរណាស់មកហើយដែរ។ រីឯ Pluto ដែលធ្លាប់ត្រូវគេចាត់ទុកថាជាភពទី ៩ របស់ប្រព័ន្ធព្រះអាទិត្យ ក៏ត្រូវបានទម្លាក់ទៅជា «ភពមិនពេញលក្ខណៈ» ផងដែរកាលពីឆ្នាំ២០០៦។ Pluto ស្ថិតនៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយមួយទៀត ដែលនៅឆ្ងាយហៅថា Kuiper Belt ហើយវាមានអង្កត់ផ្ចិតដល់ទៅ ២,៤០០គីឡូម៉ែត្រ៕