ចង់បានដុំថ្មមួយដុំពីភពអង្គារយកមកពិសោធន៍, តើវាពិបាកដល់កម្រិតណាទៅ?

120

(វ៉ាស៊ីនតោន)៖ ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិកដែលសិក្សាពីភពអង្គារ (Mars) មានបំណងចង់បានគំរូស្លាកស្នាម (ដុំថ្ម ឬកម្ទេចដី) ពីភពក្រហមនេះជាយូរណាស់មកហើយ។ ឥឡូវពួកគេបានរចនាឡើងនូវផែនការមួយ ដើម្បីព្យាយាមសម្រេចគោលដៅនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​វែបសាយព័ត៌មាន Space នៅថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩។

លោក ប្រាយអ៊ែន មួរហេដ (Brian Muirhead) ដែលជាអ្នកកំពុងដឹកនាំកិច្ចប្រឹងប្រែងរបស់ ទីភ្នាក់ងារអវកាសអាមេរិក NASA ក្នុងការបង្កើតបេសកកម្មទៅប្រមូលគំរូតាង យកមកពីភពអង្គារបានឲ្យដឹងថា បេសកកម្មនេះនឹងត្រូវយានសមាសធាតុផ្សំច្រើន រួមមានយានរុករក Mars 2020 ដើម្បីជ្រើសរើសយកគំរូតាង ព្រមទាំងយានសម្រាប់ប្រមូលយកគំរូតាង ដែលត្រូវបានជ្រើសរើស និងគ្រាប់រ៉ុក្កែត ដើម្បីនាំយកគំរូស្លាបស្នាមទាំងនោះចេញពីភពអង្គារ ហើយចុងក្រោយគឺយានសម្រាប់នាំពួកវា ត្រឡប់មកកាន់ភពផែនដីយើងវិញ។

បេសកកម្ម Mars 2020 នឹងចាកចេញពីផែនដីនៅរដូវក្តៅឆ្នាំក្រោយ ហើយឆ្ពោះទៅកាន់ភពអង្គារ ដើម្បីចុះចតនៅរណ្តៅអាចម៍ផ្កាយ ចេហ្សែរ៉ូ (Jezero) នៅខែកុម្ភៈ ឆ្នាំ២០២១។ វានឹងធ្វើការស៊ើបអង្កេត រួចជ្រើសរើសដុំថ្មភពអង្គារណា ដែលគួរឲ្យចាប់អាម្មណ៍យកស្តុកទុកត្រៀមឲ្យហើយ ដើម្បីឲ្យយានផ្សេងទៀតទៅយកមកកាន់ភពផែនដីវិញ។

បើតាមលោក Murhead បេសកកម្មបញ្ជូនយានទៅយកគំរូតាងទាំងនោះ អាចប្រព្រឹត្តទៅនៅឆ្នាំ២០២៦។ ពេលនោះនឹងមានយាន សម្រាប់ទៅដឹកប្រអប់គំរូតាងដែលយាន Mars 2020 បានត្រៀមរៀបចំទុក។ យាននេះនឹងមានទំហំតូចជាង Mars 2020 និងយាន Curiosity ពោលគឺអាចប្រហាក់ប្រហែលយាន Spirit និង Opportunity។ បន្ទាប់មកទៀត គឺការនាំយកគំរូតាងទាំងនោះចាកចេញពីផ្ទៃភពអង្គារវិញ តាមរយៈគ្រាប់រ៉ុក្កែត និងការដឹកបន្តត្រឡប់មកកាន់ភពរបស់យើងវិញ៕

480×240 Banner