របកគំហើញសំខាន់បំផុតមួយ ត្រូវបានរកឃើញលើភពអង្គារតាំងតែពីឆ្នាំ១៩៧៦…
(អាមេរិក)៖ អតីតអ្នកវិទ្យាសាស្រ្តរបស់អង្គការ NASA លោក ហ្គឺលប៊ឺត (Gilbert V. Levin) ជឿជាក់ថា ទម្រង់ជីវិតនៅលើភពអង្គារ (Mars) គឺត្រូវបានគេរកឃើញតាំងតែពីទសវត្សរ៍ឆ្នាំ១៩៧០មកម្ល៉េះ បន្ទាប់ពីការធ្វើពិសោធន៍មួយបានរកឃើញ វត្តមាននៃពពួកមីក្រូសារពាង្គកាយនៅទីនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។
ក្នុងបេសកកម្ម Viking Landers 1 និង 2 របស់ NASA កាលពីឆ្នាំ១៩៧៦ យានទាំងពីរបានប្រមូលគំរូតាងមួយចំនួនពីដីនៃភពអង្គារ ហើយធ្វើតេស្តនៅទីនោះតែម្តង ដើម្បីរកមើលសញ្ញានៃឧស្ម័នកាបូនឌីអុកស៊ីត ដែលអាចបញ្ចេញដោយពពួកមីក្រូសារពាង្គកាយ នៅក្នុងដីរបស់ភពក្រហមនេះ។
ដំបូងឡើយការធ្វើតេស្តនោះ បានបង្ហាញលទ្ធផលវិជ្ជមានមួយចំនួន ប៉ុន្តែក្រោយមកការធ្វើពិសោធន៍មួយទៀត ដែលសំដៅស្វែងរកពពួកសារពាង្គកាយទាំងនោះឲ្យច្បាស់តែម្តង គឺទទួលបរាជ័យដោយមិនអាចរកឃើញភស្តុតាង នៃវត្ថុធាតុសេរីរាង្គនៅក្នុងដីភពអង្គារឡើយ។
ប្រការខាងលើនេះហើយ ទើបបានជាធ្វើឲ្យអង្គារ NASA ធ្វើការសន្និដ្ឋានថា វាគ្រាន់តែជាការរកឃើញសញ្ញា ដែលស្រដៀងទម្រង់ជីវិតប៉ុណ្ណោះ គឺមិនមែនទម្រង់ជីវិតតែម្តងនោះទេ។
លោក Levin បានបង្ហាញការខកបំណងជាខ្លាំង ចំពោះការដែលបេសកកម្មក្រោយៗមកទៀតរបស់ NASA មិនមានបំពាក់ឧបករណ៍ សម្រាប់ស្វែងរកសញ្ញានៃជីវិតនៅលើភពអង្គារ ហើយផ្ទៀងផ្ទាត់សាជាថ្មីម្តងទៀត ទៅលើលទ្ធផលពិសោធន៍កាលពីពេលនោះ។ ជាការពិត NASA បានប្រកាសរួចហើយថា បេសកកម្ម Mars 2020 នឹងមិនមែននាំយកទៅជាមួយ នូវការធ្វើតេស្តរកសញ្ញាជីវិតនោះឡើយ។
អតីតអ្នកវិទ្យាសាស្រ្តរូបនេះក៏បានព្រមានផងដែរ ចំពោះបេសកកម្មនាំយកគំរូតាងពីភពអង្គារ ត្រឡប់មកកាន់ផែនដីវិញ ព្រោះគំរូតាងទាំងនោះអាចមានផ្ទុកវីរុសកាចសាហាវក៏ថាបាន។ បើតាមគំនិតលោក លោកចង់ឲ្យមានការសិក្សាស្វែងរកជីវិតអេលៀននៅលើភពអង្គារ តាមរយៈការប្រើប្រាស់ឧបករណ៍ស្វែងរក នៅលើភពនោះផ្ទាល់តែម្តង ហើយទើបបញ្ជូនទិន្នន័យមកផែនដី ដូចអ្វីដែលអង្គការ NASA បាននិងកំពុងធ្វើ៕