ចង់ថតប្រព័ន្ធព្រះអាទិត្យទាំងមូលពីចម្ងាយ? អ្នកវិទ្យាសាស្ត្រចង់ឲ្យបង្កើតគំរោងថ្មីមួយ…
(វ៉ាស៊ីនតោន)៖ អ្នកវិទ្យាសាស្រ្តមួយចំនួនបាននិយាយថា មនុស្សលោកយើងគួរតែពិចារណា លើការបង្កើតយានអវកាសមួយ ដើម្បីសំឡឹងមើលប្រព័ន្ធផ្កាយរបស់យើងពីទស្សនៈខាងក្រៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
ពួកគេមានគំនិតបែបនេះ គឺដោយសារតែលទ្ធផលគួរឲ្យភ្ញាក់ផ្អើលមួយចំនួន ដែលបានកែប្រែការយល់ដឹងរបស់អ្នកវិទ្យាសាស្រ្ត នៅពេលយានអវកាស Voyager 1 និង Voyager 2 របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានចេញផុតពីដែនប្រព័ន្ធព្រះអាទិត្យ ហើយចូលទៅដល់តំបន់លំហចន្លោះផ្កាយដែលគេហៅថា Interstellar Space។ បច្ចុប្បន្នយានទាំងពីរគ្រឿងនេះមានអាយុកាលជាង ៤០ឆ្នាំហើយ និងកំពុងតែបន្តបញ្ជូនទិន្នន័យមកកាន់អ្នកវិទ្យាសាស្រ្តនៅលើភពផែនដី ពីតំបន់ Interstellar Space ឬអន្តរអវកាស។
គួរជម្រាបថា យាន Voyager 1 និង Voyager 2 មិនមែនត្រូវបានរចនាឡើង ដើម្បីឲ្យសិក្សានៅតំបន់ Interstellar Space តែម្តងឡើយ ដោយបេសកកម្មចម្បងរបស់ពួកវា គឺសិក្សាស្រាវជ្រាវលើក្រុមភពឧស្ម័នយក្ស នៅក្នុងប្រព័ន្ធព្រះអាទិត្យឯណោះវិញទេ ហើយទិន្នន័យនៃភពធំៗដូចជា ភពព្រហស្បតិ៍ សៅរ៍ អ៊ុយរ៉ាណូស និងណិបទូនជាដើម ភាគច្រើនបំផុតបានពីបងប្អូន Voyager ទាំងពីរនោះឯង។
ដោយសារកត្តាខ្វះចន្លោះខាងលើនេះហើយ ទើបអ្នកវិទ្យាសាស្រ្តមួយចំនួន ចង់ឲ្យមានយានអវកាសមួយដែលបំពេញបេសកកម្មស្នូល ដើម្បីទៅសិក្សានៅតំបន់នោះ ហើយវាក៏ផ្តល់ទស្សនៈថ្មីក្នុងការសំឡឹងមើល ប្រព័ន្ធព្រះអាទិត្យយើងពីខាងក្រៅផងដែរ។ ប៉ុន្តែការអភិវឌ្ឍយានបែបនេះ ដោយប្រើបច្ចេកវិទ្យាសព្វថ្ងៃ គឺត្រូវចំណាយពេលធ្វើដំណើរយូរខ្លាំងពេក។ តួយ៉ាងយាន Voyager ទាំងពីរ ត្រូវធ្វើដំណើររាប់ទសវត្សរ៍ ទើបអាចចេញផុតដែននៃប្រព័ន្ធព្រះអាទិត្យ។
បច្ចុប្បន្ននេះយានមួយទៀតគឺ New Horizons ដែលមានល្បឿនលឿនជាង Voyager ចំនួន ៣ដង (៤០គីឡូម៉ែត្រក្នុងមួយវិនាទី) បានទៅដល់តំបន់ខ្សែក្រវ៉ាត់ Kuiper Belt ដែលស្ថិតនៅចុងប្រព័ន្ធព្រះអាទិត្យនោះហើយ បន្ទាប់ពីបានចាកចេញពីប្រព័ន្ធភពភ្លុយតូ កាលពីឆ្នាំ២០១៥ និងបានធ្វើដំណើរចាកចេញពីផែនដីកាលពីឆ្នាំ២០០៦។ យាន New Horizons ត្រូវបានរចនាឡើងដើម្បីសិក្សាអំពីភពភ្លុយតូ និងវត្ថុអវកាសធំៗនៅចុងប្រព័ន្ធព្រះអាទិត្យប៉ុណ្ណោះ ដោយវាគ្មានគោលដៅចម្បង ដើម្បីសិក្សាប្រព័ន្ធព្រះអាទិត្យទាំងមូលឡើយ៕