មានអ្នកចង់ឲ្យ NASA ទៅកាន់ភពភ្លុយតូម្តងទៀត ដើម្បីបំពេញបេសកកម្មយូរជាងមុន ប៉ុន្តែអ្វីដែលសំខាន់គឺនៅតែជាលុយ…

127

(អាមេរិក)៖ អង្គារ NASA កំពុងតែគិតគូរចង់វិលត្រឡប់ទៅសិក្សាលើភពភ្លុយតូ (Pluto) ជាថ្មីម្តងទៀតហើយស្ថិតនៅទីនោះឲ្យយូរជាងមុន ដោយមិនមែនត្រឹមហោះឆ្វែងប៉ុន្មានជុំ ដូចយាន New Horizons កាលពីឆ្នាំ២០១៥ នោះឡើយ។ ការសិក្សាជាថ្មីនេះ គឺជាទំនងអ្នកវិទ្យាសាស្ត្រ​ចង់ដឹងបន្ថែមអំពីការកកើតនៃភពភ្លុយតូ ដែលអាចជាគន្លឹះនៃការយល់ដឹង អំពីការកកើតប្រព័ន្ធព្រះអាទិត្យទាំងមូលទៀងផង។

អង្គការ NASA បានផ្តល់ថវិកាឲ្យវិទ្យាសា្ថនស្រាវជ្រាវ Southwest Research Institute (SwRI) ដើម្បីធ្វើការសិក្សា និងវាយតម្លៃលើលទ្ធភាពបង្កើតគម្រោងបេសកកម្មមួយថ្មីទៀត ស្តីពីការបញ្ជូនយានប្រភេទផ្កាយរណប ឲ្យទៅគោចរនៅក្បែរ Pluto ដែលស្ថិតក្នុងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ Kuiper ចុងប្រព័ន្ធព្រះអាទិត្យរបស់យើង។

វិទ្យាស្ថាន SwRI នេះហើយគឺជាអ្នកដឹកនាំ បេសកកម្ម New Horizons របស់អង្គការ NASA ដែលវាបានហោះឆ្វែលទៅកៀកភព Pluto កាលពីខែកក្កដា ឆ្នាំ២០១៥ និងផ្តិតយករូបភាពជិតបំផុតជាលើកទីមួយនៃភពបម្រុង ឬ ភពមិនពេញលក្ខណៈដែលគេហៅថា Dwarf Planet មួយនេះ។

យ៉ាងណាមិញយាន New Horizon មិនបានស្ថិតនៅក្បែរ Pluto យូរឡើយ ដោយវាបានចាកចេញទៅរកទិសដីថ្មីមួយទៀត។ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ វាបានធ្វើការហោះឆ្វែលជាលើកទីពីរទៅកៀកដុំថ្មអវកាសធំមួយ​ ដែលស្ថិតនៅតំបន់ខ្សែក្រវាត់ Kuiper ដូចគ្នាដោយមានឈ្មោះសម្គាល់ថា 2014 MU69 ឬ Ultima Thule។ បច្ចុប្បន្នបេសកកម្ម New Horizon នៅដំណើរការល្អជាធម្មតា ហើយនៅមានឥន្ធនៈគ្រប់គ្រាន់ ដើម្បីហោះឆ្វែលដុំថ្មអវកាសផ្សេងទៀតនៅក្នុងតំបន់នេះ ប្រសិនបើ NASA ចង់ធ្វើ។

គួរជម្រាបថា ពាក់ព័ន្ធនឹងគម្រោងចង់ត្រឡប់ទៅសិក្សា Pluto ជាថ្មីម្តងទៀតនេះ គឺមិនមែនមានន័យថា វានឹងក្លាយជាការពិតឡើយ ព្រោះថា NASA ក៏បានចាត់ឲ្យមានការ សិក្សាវាយតម្លៃលើគម្រោងបេសកកម្មប្រមាណ ៩ផ្សេងទៀតឯណោះ ដែលនឹងត្រូវសម្រេចយកជាផ្លូវការតិចតួចបំផុត ព្រោះអង្គការអាមេរិក ត្រូវការរឹតត្បិតការចាយវាយខ្លាំងណាស់។

សម្រាប់ភព Pluto វិញធ្លាប់ត្រូវគេចាត់ទុកជាភពទី ៩ នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង ក្រោយពីវាត្រូវបានរកឃើញដោយតារាវិទូមួយរូប កាលពីទសវត្សរ៍ឆ្នាំ១៩៣០ ប៉ុន្តែវាត្រូវបានទម្លាក់ចំណាត់ថ្នាក់ឲ្យមកនៅត្រឹម «ភពបម្រុង» ឬ «ភពមិនពេញលក្ខណៈ» វិញកាលពីឆ្នាំ២០០៦ ក្រោយមានការកំណត់និយមន័យជាផ្លូវការអំពីភព ហើយពេលនោះ Pluto មិនគ្រប់តាមលក្ខខណ្ឌភាគច្រើននោះឡើយ៕

ប្រភព៖ Space (ថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩)

(

 

480×240 Banner