ទោះបីទប់ស្កាត់ការបំពុលបាន១០០% ក៏កម្ពស់ទឹកសមុទ្រនៅតែកើនឡើង ព្រោះរបួសផែនដីមិនងាយជាសះស្បើយ
(វ៉ាស៊ីនតោន)៖ ក្រុមអ្នកជំនាញបានព្រមានថា នីវ៉ូ ឬកម្ពស់ទឹកសមុទ្រនឹងនៅតែបន្តកើនឡើង បើទោះជាពិភពលោកអាចគ្រប់គ្រងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យមកនៅកម្រិត សូន្យ នៅឆ្នាំ២០៣០ក៏ដោយ ព្រោះស្រទាប់អូហ្សូនរបស់ផែនដីដែលបាត់បង់ មិនអាចធ្វើជួសជុលឡើងវិញ នៅក្នុងរយៈពេលរាប់រយឆ្នាំនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
យោងតាមក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអាល្លឺម៉ង់ នីវ៉ូទឹកសមុទ្រអាចកើនឡើង ៨សង់ទីម៉ែត្រ នៅឆ្នាំ២១០០ ហើយអាចនឹងបន្តកើនឡើងដល់ ២០សង់ទីម៉ែត្រនៅឆ្នាំ២៣០០។ មិនតែប៉ុណ្ណោះ បើទោះជាពិភពលោកអាចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់មកនៅត្រឹម កម្រិតសូន្យនៅឆ្នាំ២០៣០ ក៏ដោយក៏កម្ពស់ទឹកសមុទ្រនៅតែត្រូវបានគេព្យាករណ៍ដដែលថា នឹងកើនឡើងយ៉ាងហោចណាស់ «មួយម៉ែត្រ» នៅឆ្នាំ២៣០០។
គួរជម្រាបថា ការកើនឡើងនៃកម្រិតទឹកសមុទ្រ វាមិនមែនបង្កឡើងដោយសារតែឧស្ម័នផ្ទះកញ្ចក់ តែមួយគត់នោះទេ ពោលគឺវានៅមានបញ្ហាស្មុគស្មាញជាច្រើនទៀត ដែលក្រុមអ្នកជំនាញមិន ទាន់អាចបកស្រាយបាន។ ជាក់ស្ដែងមកទល់នឹងពេលនេះ មិនទាន់ដឹងច្បាស់នៅឡើយទេថា ហេតុអ្វីបានជាទឹកកកអាក់ទិច រលាយយឺតជាងទឹកកកនៅគ្រីនឡែនដ៍ ខណៈដែលតំបន់ទាំងពីរនេះ សុទ្ធតែស្ថិតនៅប៉ូលខាងជើងដូចគ្នានោះ៕