យានអវកាស Voyager 1 និង Voyager 2 សល់ពេលតែ៥ឆ្នាំទៀតប៉ុណ្ណោះ នឹងត្រូវអស់ជីវិតទាំងស្រុងហើយ…

131

(បរទេស)៖ យានអវកាសភ្លោះ Voyager 1 និង Voyager 2 របស់ទីភ្នាក់ងារអវកាសអាមេរិក NASA នៅសល់ពេលប្រហែលជា ០៥ឆ្នាំទៀតប៉ុណ្ណោះ ដើម្បីបន្តការសិក្សាស្រាវជ្រាវនៅតំបន់ Interstellar Space បន្ទាប់ពីពួកវាបានចំណាយពេលប្រមាណជា ៤២ឆ្នាំមកហើយ នៅក្នុងទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

យាន Voyager 1 និង Voyager 2 ត្រូវបានបាញ់បញ្ជូនចេញពីផែនដី ដោយរំលងគ្នាប៉ុន្មានសប្តាហ៍ កាលពីឆ្នាំ១៩៧៧ ដើម្បីធ្វើដំណើរកាត់ក្រុមភពឧស្ម័នយក្សនៃប្រព័ន្ធព្រះអាទិត្យរបស់យើង។ ខណៈយាន Voyager 1 បានហោះឆ្វែលកៀកភពព្រហស្បតិ៍ (Jupiter) និងភពសៅរ៍ (Saturn) យាន Voyager 2 បានហោះឆ្វែលភពអ៊ុយរ៉ាណុស និងណិបទូនថែមទៀត ក្រៅពី Jupiter និង Saturn។

បន្ទាប់ពីការហោះឆ្វែលរបស់ Voyager 2 កាត់ភពណិបទូនកាលពីខែសីហា ឆ្នាំ១៩៨៩ យានភ្លោះទាំងពីរក៏បានឈានចូល ដំណាក់កាលបេសកកម្មថ្មីហៅថា Voyager Interstellar Mission គឺជាការធ្វើដំណើរផ្សងព្រេងឆ្ពោះចេញពីដែននៃប្រព័ន្ធព្រះអាទិត្យ។ យាន Voyager 1 បានទម្លុះចេញពីស្រទាប់ Heliosphere របស់ប្រព័ន្ធផ្កាយយើងកាលពីឆ្នាំ២០១២ ខណៈយាន Voyager 2 បានធ្វើបែបនេះកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ប៉ុណ្ណោះ។

ឥឡូវនេះអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា យានអវកាសដ៏ចំណាស់ទាំងពីរ ដែលដំណើរការដោយថាមពលឥន្ធនៈនុយក្លេអ៊ែរ អាចនៅសល់ពេលប្រមាណជា ០៥ឆ្នាំទៀតប៉ុណ្ណោះ ដើម្បីប្រមូលក៏ដូចជាបញ្ជូនទិន្នន័យមកកាន់ផែនដី វិញ។

គួរជម្រាបថា បច្ចុប្បន្នយាន Voyager 1 កំពុងស្ថិតនៅចម្ងាយ ១៤៨AU ពីផែនដី ខណៈយាន Voyager 2 ស្ថិតនៅចម្ងាយ ១២២.៤AU ហើយយានទាំងពីរស្ថិតនៅចម្ងាយ ១៦០AU ពីគ្នា។ យានអវកាសមួយទៀតដែលនៅឆ្ងាយពីផែនដីបំផុតបន្ទាប់ពីយានភ្លោះ Voyager គឺយាន New Horizon ដែលកំពុងស្ថិតនៅចម្ងាយ ៤៦AU ពីភបរបស់យើង។ New Horizon ត្រូវគេប៉ាន់ស្មានថា អាចនឹងអស់ថាមពលនៅពេលវាស្ថិតនៅ ចម្ងាយប្រហែល ៩០AUពីផែនដី។ ១AU ស្មើនឹង ១៥០លានគីឡូម៉ែត្រ៕

480×240 Banner