ប្រធានអង្គការ Mars Society ប្រាប់វិធីសាស្ត្រផ្សេងមួយទៀត ដើម្បីដឹកនាំមនុស្សទៅភពព្រះអង្គារ…
(វ៉ាស៊ីនតោន)៖ ទាំងក្រុមហ៊ុនអវកាស SpaceX និងទីភ្នាក់ងារអវកាស NASA របស់សហរដ្ឋអាមេរិក សុទ្ធតែមានផែនការអំពីមធ្យោបាយ ដើម្បីនាំយកមនុស្សទៅកាន់ភពអង្គារ (Mars) ប៉ុន្តែស្ថាបនិកអង្គការវិទ្យាសាស្ត្រ Mars Society បានលើកឡើងថា លោកមានវិធីប្រសើរមួយផ្សេងទៀត ដើម្បីសម្រេចគោលដៅនេះ។
ស្ថាបនិកអង្គការ Mars Society លោក Robert Zubrin បាននិយាយថា គម្រោង «Mars Direct» របស់លោក គឺទំនងជាល្អជាងផែនការប្រើប្រាស់យាន Starship របស់ក្រុមហ៊ុន SpaceX និងផែនការរបស់ NASA ដែលប្រហែលជានឹងប្រើស្ថានីយច្រកផ្លូវ Gateway នៅក្បែរព្រះច័ន្ទ ធ្វើជាចំណុចសម្រាប់ចាប់ផ្តើមបេសកកម្ម បញ្ជូនមនុស្សទៅកាន់ភពអង្គារ។
គម្រោង Mars Direct ត្រូវបានលោក Zubrin លើកឡើងប៉ុន្មានដងជាយូរមកហើយ គឺកាលពីចុងទសវត្សរ៍១៩៨០ និងដើមទសវត្សរ៍១៩៩០។ គម្រោងនេះចង់ឲ្យមានការបញ្ជូនយានហៅថា ERV (Earth Return Vehicle) ដោយមិនមានមនុស្សឆ្ពោះទៅកាន់ Mars ហើយទៅដល់ភពក្រហមនោះ នៅរយៈពេល ០៦ខែក្រោយ។ ក្នុងយាននេះមានផ្ទុកនូវយានរុករកអាចចល័តបាន (Rover) មួយគ្រឿងដើរដោយថាមពលនុយក្លេអ៊ែរ ដែលអាចផលិតឥន្ធនៈសម្រាប់គ្រាប់រ៉ុក្កែត តាមរយៈការទាញយកពីបរិយាកាសរបស់ភពអង្គារ ដែលគ្របដណ្តប់ដោយឧស្ម័នកាបូនិច។ ឥន្ធនៈនោះគឺផលិតឡើងសម្រាប់ឲ្យយាន ERV អាចត្រឡប់មកកាន់ផែនដីវិញ។
ប្រហែលជានៅ ២៦ខែក្រោយការបញ្ជូនយាន ERV ខាងលើ។ យានមួយគ្រឿងទៀតហៅថា Habitat Unit នឹងត្រូវបញ្ជូនទៅកាន់ភពអង្គារជាមួយអវកាសយានិកប្រហែល ០៤នាក់។ យាន Habitat Unit នឹងត្រូវប្រើប្រាស់ជាកន្លែងស្នាក់នៅ នៅពេលវាទៅដល់ភពអង្គារ។ ក្រុមអវកាសយានិកនឹងចំណាយពេល ១៨ខែនៅទីនោះ មុនត្រឡប់មកផែនដី វិញដោយប្រើប្រាស់យាន ERV ហើយកន្លះឆ្នាំក្រោយមកពួកគេនឹងមកដល់ភពផែនដីវិញ។
គួរជម្រាបថា បេសកកម្មជាបន្តបន្ទាប់ទៀតទៅកាន់ភពអង្គារ នឹងត្រូវធ្វើឡើងក្នុងលក្ខណៈស្រដៀងគ្នានឹងបេសកកម្មខាងលើដែរ។ បើតាមការរៀបរាប់ខាងលើនេះ វាហាក់ដូចជារឿងងាយ ប៉ុន្តែបញ្ហាធំៗដែលមិនអាចដោះស្រាយបាននៅឡើយនោះ គឺខែលការពារមនុស្សពីរលកវិទ្យុសកម្មមរណៈរបស់ព្រះអាទិត្យ ពេលពួកគេទៅដល់ភពអង្គារ, ការចុះចតយានដ៏ប្រថុយប្រថានលើភពអង្គារ និងការជិះយានធ្វើដំណើររយៈពេលយូរ ដែលអាចប៉ះពាល់ដល់សុខភាព និងសតិអារម្មណ៍មនុស្សយ៉ាងខ្លាំង៕