ប្រជាជននៅប្រទេសខ្លះអាចមើលឃើញ «បាតុភូតភពពុធបរកាត់ព្រះអាទិត្យ» នៅសប្តាហ៍ក្រោយនេះ តែគួរឲ្យស្តាយ…
(បរទេស)៖ នៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ព្រឹត្តិការណ៍កម្រមួយនឹងកើតឡើងនៅលើផ្ទៃមេឃ នោះគឺភពពុធ (Mercury) នឹងឆ្លងកាត់ពីខាងមុខផ្ទៃព្រះអាទិត្យ ហើយលោកអ្នកអាចតាមដានរឿងនេះបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
វានឹងជាព្រឹត្តិការណ៍លើកទី៤ហើយ ក្នុងចំណោមព្រឹត្តការណ៍សរុបទាំង ១៤លើក ដែលមនុស្សនៅលើផែនដីនឹងមើលឃើញភពពុធ ឆ្លងកាត់ពីមុខព្រះអាទិត្យក្នុងអំឡុងសតវត្សរ៍ទី ២១ នេះ។ ក្រៅពីភពពុធ ភពសុក្រ (Venus) ក៏ធ្លាប់មានព្រឹត្តិការណ៍បែបនេះដែរ។ លើកចុងក្រោយគេដែលយើងបានមើលឃើញភពពុធធ្វើដំណើរឆ្លងកាត់ពីខាង មុខព្រះអាទិត្យ គឺកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។ នៅពេលព្រឹត្តិការណ៍នោះកើតឡើង ភពពុធនឹងបង្ហាញខ្លួនក្នុងទម្រង់ជាចំណុចខ្មៅដ៏តូចឆ្មាមួយ ដែលស្មើនឹង ០.៥ ភាគរយនៃអង្កត់ផ្ចិតរបស់ព្រះអាទិត្យប៉ុណ្ណោះ ដូច្នេះហើយគេត្រូវការកែវយឺត ដែលមានកម្លាំងពង្រីកយ៉ាងហោចណាស់ 50x ទើបអាចមើលឃើញវាច្បាស់។
គួរជម្រាបថា នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ភពពុធនឹងចំណាយពេលជិត ៥ម៉ោងកន្លះ ដើម្បីឆ្លងកាត់ផ្ទៃរបស់ព្រះអាទិត្យ ខណៈព្រឹត្តិការណ៍នេះអាចមើលឃើញពីតំបន់ ទ្វីបអាមេរិក អឺរ៉ុប អាហ្រ្វិក អាស៊ីខាងលិច និងនូវែលសេឡង់ ខណៈអូស្រ្តាលី និងអាស៊ីខាងកើត ដែលរួមមានទាំងកម្ពុជាយើង គឺមិនអាចមើលឃើញឡើយ៕