ហេតុអ្វីឥណ្ឌាចង់ទៅស្រាវជ្រាវភពសុក្រ ដែលគ្រប់គ្នាទុកដូចឋាននរកទៅវិញ?

123

(អាមេរិក)៖ គ្រប់គ្នាពិតជាដឹងហើយថា ភពសុក្រ ឬផ្កាយព្រឹក (ផ្កាយព្រះសុក្រ) គឺជាភពទីពីរបន្ទាប់ពីភពពុធ នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ ដែលមានបរិយាកាសក្រាស់ និងផ្ទៃស្រទាប់លើរបស់វាក្តៅជាងគេបំផុតរហូតដល់ទៅជាង ៤៦០អង្សាសេឯណោះ ហើយរុស្ស៊ី និងអង្គការ NASA ក៏ដូចជារារែកក្នុងការទៅស្រាវជ្រាវនៅទីនោះទៀតដែរ។ ប៉ុន្តែពេលនេះ​អង្គការអវកាស ISRO របស់ឥណ្ឌា កំពុងតែសម្លឹងមើលអំពីលទ្ធភាព ដើម្បីទៅកាន់ទីនោះហើយ។

ក្រុមវិស្វករនៃអង្គការអវកាសឥណ្ឌា ISRO បានបញ្ជូនផែនការមេរបស់ខ្លួន ទៅកាន់រដ្ឋាភិបាលទីក្រុងញូដេលីហើយ ដើម្បីស្នើសុំការអនុញ្ញាត ហើយពួកគេសង្ឃឹមថានឹងទទួលបានការឯកភាព នោះការផលិតយាននឹងចាប់ផ្តើមឡើងតែម្តង ដោយត្រូវចំណាយពេលតែ ២ ទៅ ៣ឆ្នាំប៉ុណ្ណោះ។ ឥណ្ឌាចង់បញ្ជូនយានផ្កាយរណបមួយគ្រឿង ឲ្យទៅធ្វើគោចរនៅជុំវិញភពសុក្រ ដោយវាមានបំពាក់ឧបករណ៍ស្រាវជ្រាវទៅជាមួយ​ប្រមាណជា ១៦មុខឯណោះ។

ជុំវិញបេសកកម្មដែលអាចមានសង្ឃឹមនឹងក្លាយជាការពិតខាងលើនេះ អ្នកវិទ្យាសាស្ត្រមួយរូបរបស់ ISRO គឺលោក Nigar Shaji បានលើកឡើងថា «គោលដៅធំរបស់យើង គឺការគូសវាផែនទីនៃសណ្ឋានដីជារួមនៅលើភពសុក្រ…។ យានគោចរជុំវិញភពសុក្រ នឹងផលិតឡើងដើម្បីឲ្យវាអាចបេសកកម្ម នៅជុំវិញភពសុក្រក្នុងរយៈពេលមួយឆ្នាំ…។ ការសម្លឹងជ្រៅទៅកាន់ផ្ទៃស្រទាប់លើនៃភពសុក្រ មិនត្រឹមតែដើម្បីគូសវាសផែនទីប៉ុណ្ណោះទេ តែវាក៏អាចឲ្យយើងស្វែងយល់បន្ថែមពីភ្នំភ្លើងចម្បងៗ នៅទូទាំងភពនេះផងដែរ…»។

គួរបញ្ជាក់ថា ឧបករណ៍មួយចំនួនដែលនឹងត្រូវបំពាក់ នៅលើខ្លួនយានគោចរជុំវិញភពសុក្រនោះ មានដូចជាឧបករណ៍សម្រាប់សិក្សា បរិយាកាស ពពក ផ្គររន្ទះ ខ្យល់ព្យុះ និងប្រតិកម្មរវាងបរិយាកាសភពសុក្រ និងពន្លឺព្រះអាទិត្យជាដើម។ បើសិនជារដ្ឋាភិបាលឥណ្ឌាយល់ព្រមលើគំរោងខាងលើនេះ ក្រុមការងាររបស់ ISRO នឹងអាចចាប់ផ្តើមផលិត ហើយបាញ់យាននោះចេញពីផែនដីខែមិថុនា ឆ្នាំ២០២៣៕

ប្រភព៖ Space (ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩)

480×240 Banner