ក្រោយចេញផុតប្រព័ន្ធព្រះអាទិត្យ Voyager 2 រកឃើញអ្វីថ្មីៗបន្ថែមទៀត ដែលខុសពីយាន Voyager 1 ធ្លាប់បានរកឃើញ…

120

(អាមេរិក)៖ ប្រហែលជា ១ឆ្នាំទៅហើយដែលយានអវកាស Voyager 2 ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រកំណត់់ថា ចាកចេញពីប្រព័ន្ធព្រះអាទិត្យយើងបានសម្រេច ប៉ុន្តែកាលពីពេលថ្មីៗនេះ របកគំហើញថ្មីៗបន្ថែមទៀតពីយាននេះ ទើបតែត្រូវបានបញ្ចេញប៉ុណ្ណោះ។ វាពាក់ព័ន្ធទៅនឹងការកំណត់អំពីព្រំដែននៃប្រព័ន្ធព្រះអាទិត្យ (Border of Solar System) ពីតំបន់អន្តរអវកាស (Interstellar Space) ឬយើងអាចហៅបានថា ជាព្រំដែននៃព្រះអាទិត្យយើងជាមួយផ្កាយផ្សេងៗទៀត ដែលមានវិសាលនៃដែនម៉ាញេទិចជុលគ្នាត្រង់ចំណុចនោះ។

ពិតណាស់ Voyager 2 បាននិងកំពុងព្យាយាមស្វែងយល់បន្ថែម អំពីស្ថានភាពនៅតំបន់ព្រំដែន​នៃប្រព័ន្ធព្រះអាទិត្យយើង ដែលជាកន្លែងដែលដែនម៉ាញេទិចបញ្ចេញដោយព្រះអាទិត្យ អស់ឥទ្ធិពលទាំងស្រុងតែម្តង។ បើគិតឲ្យងាយយល់ទៅ ព្រំដែននៃប្រព័ន្ធព្រះអាទិត្យយើង​ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រកំណត់ថា មានចម្ងាយប្រមាណ ១៨ពាន់លានគីឡូម៉ែត្រពីផែនដី ឬជាង ១៨ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ។

ក្រុមអ្នកវិទ្យាសាស្ត្រនៅតែបន្តប្រមូលទិន្នន័យបន្ថែមទៀតពី Voyager ខណៈយានអវកាសទាំងពីរនេះ នៅសល់ពេលតែ ៥ឆ្នាំទៀតប៉ុណ្ណោះក្នុងការធ្វើដំណើរ និងបញ្ជូនទិន្នន័យមកផែនដីវិញ។ ការរកឃើញថ្មីៗខាងលើនេះ គឺពិតជាមានតម្លៃដល់ការសិក្សាផ្នែកវិទ្យាសាស្ត្រ ជាពិសេសអំពីឥទ្ធិពលនៃព្រះអាទិត្យ ក្នុងការផ្សាភ្ជាប់ជាមួយផ្កាយដទៃទៀតនៅក្នុងកាឡាក់ស៊ី Milky Way យើងនេះតែម្តង។

យាន Voyager 2 បានរកឃើញនូវកម្រិតនៃថាមពលផ្លាស្មា (Plasma) ដ៏គួរឲ្យភ្ញាក់ផ្អើលនៅតំបន់ព្រំដែននៃប្រព័ន្ធព្រះអាទិត្យ ដោយអ្នកវិទ្យាសាស្ត្រមិនដែលរំពឹងទុកពីមុនមកឡើយ។ ផ្លាស្មាគឺថាមលកើតចេញពីភាគល្អិត (Charged Particles) ដែលមានពាសពេញនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ ព្រោះវាត្រូវបានជះចេញដោយព្រះអាទិត្យផ្ទាល់។

ទិន្នន័យពី Voyager 2 ធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើការប្រៀបធៀបជាមួយទិន្នន័យថា Voyager 1 ដែលបានឆ្លងកាត់តំបន់ Heliosphere មុនតែស្ថិតនៅចំណុចផ្សេងគ្នា។ ដូច្នេះក្រុមអ្នកវិទ្យាសាស្ត្រអាចដឹងថា កម្រិតភាគល្អិតនៃថាមពលព្រះអាទិត្យ និងកម្រាស់នៃរនាំង Heliosphere មិនដូចគ្នានោះឡើយ នៅតាមតំបន់រនាំងការពារប្រព័ន្ធព្រះអាទិត្យនោះ។

ទាំងយាន Voyager 1 និង Voyager 2 ដែលមានអាយុកាលជាង ៤០ឆ្នាំទៅហើយនោះ សុទ្ធតែធ្វើដំណើរហួសតំបន់រនាំងការពារប្រព័ន្ធព្រះអាទិត្យ (Heliosphere) រួចទៅហើយ។ តំបន់ ​Heliosphere នេះវាមិនសូវខុសពីបរិយាកាសរបស់ភពមួយឡើយ ឬក៏យើងអាចហៅបានថា ជាខែលថាមពលពិសេស ដើម្បីការពារប្រព័ន្ធទាំងមូលពីកាំរស្មីខូស្មិច ពីតំបន់អវកាសខាងក្រៅដ៏គ្រោះថ្នាក់។ ទិន្នន័យថ្មីពី Voyager 2 បានបង្ហាញថា តំបន់ Heliosphere មានកម្រាស់ស្តើងជាងការគណនាពីមុន ដែលនេះជាទិន្នន័យថ្មី និងគួរឲ្យភ្ញាក់ផ្អើលផងដែរសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA៕

ប្រភព៖ VOA LE (ថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩)

480×240 Banner