ផ្ទុះពាក្យចចាមអារាមថា NASA រកឃើញជីវិតក្រៅភព (អេលៀន)! តើអង្គការអវកាសអាមេរិកមួយនេះ ចេញមុខបកស្រាយដូចម្តេច?

256

(បរទេស)៖ បន្ទាប់ពីមានដំណឹង​លេចលឺពាសពេញ​បណ្តាញអ៊ីនធើណែត និងសារព័ត៌មានថា អង្គការ NASA គ្រោងនឹងប្រកាសអំពី​ការរុករក​ឃើញនៃជីវិតក្រៅភព ឬពួកអេលៀន​នោះ នៅទីបំផុតទីភ្នាក់​អវកាសអាមេរិក បានចេញមុខ​បញ្ជាក់​អះអាងថា វាមិនមែន​ជាការពិត ដូច​ទៅ​នឹង​អ្វី​ដែល​យើងទាំងអស់គ្នា​បានលឺនោះឡើយ។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញ​ពី​វែបសាយវិទ្យាសាស្រ្ត Space.com នៅព្រឹក​ថ្ងៃ​អង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។

កាលពីសប្តាហ៍​មុន ក្រុម Hacker ដ៏ល្បីល្បាញមាន​ឈ្មោះថា Anonymous បានបង្ហោះវីដេអូមួយ​នៅលើ​វែបសាយ Youtube ដោយលើក​​ឡើង​ថា ទីភ្នាក់ងារអវកាស​អាមេរិក NASA ជិតនឹងធ្វើ​សេចក្តីប្រកាស​អំពីរបកគំហើញ​ដ៏អស្ចារ្យ​ជាទីបំផុត គឺការរកឃើញ​នៃវត្តមាន​ជិវិត​​នៅ​ក្រៅ​ភព​ផែន​ដី។ វីដេអូនោះក៏ទទួល​បានការចាប់​អារម្មណ៍ជាខ្លាំង រហូតដល់ថ្នាក់​បង្ខំ​ឲ្យនាយកផ្នែក​វិទ្យាសាស្រ្ត​របស់ ​​​NASA លោក Thomas Zurbuchen ធ្វើការចេញ​មុខបកស្រាយ ​អំពីពាក្យចចាមអារាមនេះថែមទៀតផង។

លោក Zurbuchen បានគូស​បញ្ជាក់តាមរយៈបណ្តាញ​សង្គម Twitter ថា «ដោយផ្ទុយ​ពីសេចក្តីរាយការណ៍​មួយចំនួន អង្គការ NASA ពុំមាន​គម្រោង​ចេញសេចក្តី​ប្រកាសណាមួយ ទាក់ទិននឹង​ជិវិតក្រៅភព​នោះឡើយ ហើយសម្រាប់​សំណួរថា តើពួកយើងស្ថិតនៅ​តែ​ឯង​ក្នុង​ចក្រ​វាឡ​​នេះ​ដែរ ឬយ៉ាងនោះវិញ ស្របពេលដែល​យើងមិនទាន់ដឹង​ឲ្យប្រាកដច្បាស់​នៅឡើយថា ពួកយើងមាន​បេសកកម្ម​ជាច្រើនផ្សេងទៀត កំពុង​ប្រព្រឹត្ត​ទៅ ដែលអាចជួយផ្តល់​ចម្លើយដល់​សំណួរនេះ»។

សម្រាប់អ្នកទាំង​ឡាយណា ដែលរំពឹងរង់​ចាំ​សេចក្តីប្រកាស​កក្រើកផែនដី​ពីអង្គការ NASA នៅក្នុងពេល​ប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែខាងមុខនោះ ការ​ចេញ​មុខបក​ស្រាយ​​បញ្ជាក់ពី​ទីភ្នាក់​ងារ​​អវ​កាស​អា​មេរិក​នេះ អាចជាការខកចិត្ត​ដ៏ធំមួយចំពោះ​ពួកគេ។ ទោះបីជាបែបនេះក្តី ពាក្យចចាមអារាមនៅតែមាន ហើយមាន​មនុស្សមួយចំនួន បានផ្សព្វផ្សាយថា NASA កំពុងព្យាយាមលាក់ព័ត៌មាន​អំពីការស្វែងរកឃើញ «អេលៀន» ក៏ព្រោះតែមិន​ចង់ឲ្យមនុស្សលោក​មានភាពជ្រួលច្របល់។

យ៉ាងណាក៏ដោយ មិនទាន់មានប្រភព​ផ្លូវការណាមួយពី អង្គការ NASA ឬសូម្បីអង្គការល្បីៗ​ដែលបម្រើការងា​រ​ក្នុងវិស័យ​វិទ្យាសាស្ត្រ និងអវកាស​ធ្លាប់ដែល​បញ្ជាក់ថា មានជីវិតណាផ្សេងក្រៅពី​ភពផែនដីនោះ​ឡើយ ក្រៅតែពីការខិតខំ​ប្រឹងប្រែង​ស្វែងរកដូចសព្វ​ថ្ងៃនេះ៕

480×240 Banner