ទើបរកឃើញឧស្ម័នចម្លែកផ្សេងទៀតលើភពអង្គារ ដែលអាចជាសញ្ញានៃវត្តមានជីវិតពីអតីតកាល…
(អាមេរិក)៖ ចលនាជះចេញនៃឧស្ម័នយ៉ាងចម្លែក (biosignature gas) ត្រូវបានរកឃើញដោយយានរុករកភពអង្គារ Curiosity ដែលកំពុងស្ថិតនៅក្នុងអតីតបឹងយក្ស Gale Crater ហើយក្រុមអ្នកវិទ្យាសាស្ត្រទើបតែបានអះអាងថា វាអាចជាអុកស៊ីសែន ឬក៏ឧស្ម័នដែលត្រូវបានបញ្ចេញដោយកាកសំណល់ហ្វូស៊ីលពីក្នុងដី ឬយើងអាចហៅថា «ម៉ូលេគុលឧស្ម័នរបស់ហ្វូស៊ីល» នៅក្នុងបរិយាកាសរបស់ភពអង្គារ។
ពិតជាអរគុណដល់យាន Curiosity ដ៏អស្ចារ្យដែលបានអង្កេតបាតុភូតឧស្ម័នចម្លែក ដែលបានកើតឡើងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ NASA សិក្សាឃើញថា «មានសភាពប្រែប្រួលខុសពីធម្មតា» ប៉ុន្តែគេមិនដឹងថា វាបានបណ្តាលមកពីមូលហេតុអ្វីឲ្យប្រាកដនោះឡើយ។ របាយការណ៍ពីយានកង់ ០៦ ដែលកំពុងចល័តក្នុងរណ្តៅគ្មានទឹក Gale Crater ត្រូវបានគេចាត់ទុកដូចជាការរកឃើញបណ្តុំនៃឧស្ម័នដែលស្រដៀងហ្នឹងអុកស៊ីសែន ហើយវាក៏អាចជាសញ្ញាថា ភពអង្គារពីមុនធ្លាប់មានជីវិតនៅក្នុងទម្រង់ណាមួយផងដែរ។
អ្នកស្រាវជ្រាវមួយរូបឈ្មោះ Sushil Atreya ដែលស្ថិតនៅក្នុងក្រុមការងារគ្រប់គ្រងបេសកកម្ម Curiosity បានបង្ហើបឲ្យដឹងថា «យើងកំពុងចាប់ផ្តើមនៅក្នុងការអង្កេត អំពីទំនាក់ទំនងគ្នារវាងការរកឃើញឧស្ម័នមេតានលើភពអង្គារ កាលពីប៉ុន្មានខែមុន ជាមួយហ្នឹងឧស្ម័នអុកស៊ីសែន (ដែលមានការប្រែប្រួលយ៉ាងចម្លែក) នៅក្នុងឆ្នាំដ៏ល្អមួយនៃភពអង្គារ…»។ ដោយឡែកសម្រាប់លោក Ann Arbor សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Michigan ក៏បានបញ្ចេញមតិយ៉ាងដូច្នេះដែរថា «ខ្ញុំគិតថា ពិតជាមានអ្វីមួយដែលបង្កើតវាឡើង…។ ខ្ញុំគ្រាន់តែមិនទាន់អាចរកចម្លើយឃើញ ហើយក៏មិនទាន់មាននរណារកឃើញដែរ…»។
គួរបញ្ជាក់ថា របកគំហើញថ្មីខាងលើនេះ ត្រូវបានរកឃើញដោយឧបករណ៍វិភាគគំរូតាង Curiosity’s Sample Analysis at Mars (SAM) ដែលមាននៅលើយាន NASA មួយនេះ។ វាគឺជាទិន្នន័យថ្មីប្លែក ដែលមានប្រយោជន៍ទៅដល់ការសិក្សាអំពីបរិយាកាសភពអង្គារបច្ចុប្បន្ន និងវិភាគទៅរកស្ថានភាពបរិយាកាសភពអង្គារ កាលពីរាប់ពាន់លានឆ្នាំមុន ដែលក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា អាចមានជីវិតក្នុងទម្រង់ណាមួយធ្លាប់កើតមាន៕
ប្រភព៖ Space (ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩)