យានមានរាងដូចត្រីបបែលត្រូវបានរចនាឡើង ដើម្បីហោះសំកាំងលើពពករបស់ភពសុក្រ…
(បរទេស)៖ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យក្របី (Buffalo) នៃសហរដ្ឋអាមេរិក កំពុងតែរចនាយានអវកាសមួយមានរូបរាងដូចត្រីបបែល ដើម្បីទៅសិក្សានៅភពសុក្រ (Venus) ខណៈគំនិតអំពីការបញ្ជូនយានទៅសំកាំងលើពពកភពសុក្រនេះ គឺធ្លាប់មានច្រើនសណ្ឋានកន្លងមកហើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
ការរចនាយានអវកាសខាងលើ គឺជាផ្នែកមួយនៃគម្រោង Bio-inspired Ray for Extreme Environments and Zonal Explorations ហៅកាត់ខ្លីថា BREEZE ដែលស្ថិតក្នុងគម្រោងទាំង ១២ ដែលត្រូវបានជ្រើសរើសដោយកម្មវិធី NIAC របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលគាំទ្រដល់កិច្ចប្រឹងប្រែង បង្កើតបច្ចេកវិទ្យាប្រកបដោយគំនិតច្នៃប្រឌិតថ្មីៗ សម្រាប់បម្រើឲ្យវិស័យស្រាវជ្រាវអវកាស។ ចំណុចពិសេសនៃការរចនាយានអវកាសនេះ គឺវានឹងអាចទទះស្លាបបានដូចទៅនឹង សត្វត្រីបបែលមែនទែនយ៉ាងដូច្នោះឯង នៅក្នុងស្រទាប់បរិយាកាសផ្នែកខាងលើរបស់ភពសុក្រ ដែលពោរពេញដោយខ្យល់បក់។
គួរជម្រាបថា នៅពេលទៅដល់ភពសុក្រ យានអវកាស BREEZE នឹងធ្វើដំណើរជុំវិញជារៀងរាល់ ៤ទៅ៥ថ្ងៃ។ វានឹងដំណើរការប្រើថាមពលពន្លឺព្រះអាទិត្យ តាមរយៈផ្ទាំងសូឡារបស់វាដែលនឹងស្រូបថាមពល នៅពេលយាននោះស្ថិតនៅចំហៀងភពសុក្រ ដែលត្រូវនឹងពន្លឺព្រះអាទិត្យ។ ការស្រូបថាមពលព្រះអាទិត្យនឹងប្រព្រឹត្តទៅជារៀងរាល់ ២ទៅ៣ថ្ងៃម្តង។ ក្រៅពីនេះ យាន BREEZE ក៏នឹងមានបំពាក់ឧបករណ៍ពិសេសៗ សម្រាប់ប្រមូលទិន្នន័យ ប្រមូលគំរូតាងក្នុងបរិយាកាសរបស់ភពសុក្រ ហើយឃ្លាំមើលនិងតាមដានលំនាំអាកាសធាតុ ព្រមទាំងសកម្មភាពភ្នំភ្លើងនៅទីនោះផងដែរ។
មួយវិញទៀត យានអវកាស BREEZE ក៏នឹងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើការសិក្សាស្រាវជ្រាវនៅតំបន់ងងឹត របស់ភពសុក្រផងដែរ។ ជាទូទៅរង្វិលខ្ងាល់នៃភពសុក្រ គឺយឺតខ្លាំងជាងភពឯទៀតៗនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ខណៈភពសុក្រចំណាយពេល ២២៥ថ្ងៃដើម្បីគោចរជុំវិញព្រះអាទិត្យ វាត្រូវប្រើពេលរហូតដល់ ២៤៣ថ្ងៃ ដើម្បីវិលជុំវិញខ្លួនឯង៕