រំលឹករឿងព្រឺចព្រួច! ៥០ឆ្នាំមុនរ៉ុក្កែតយាន Apollo 12 ត្រូវរន្ទះបាញ់ពីរដង ពេលកំពុងហោះចេញទៅឋានព្រះច័ន្ទ
(អាមេរិក)៖ គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺមានរយៈពេល ៥០ឆ្នាំគត់តែម្តង ដែលយានអវកាស Apollo 12 ត្រូវបានបាញ់បង្ហោះចេញផែនដី ដើម្បីសំដៅទៅកាន់ឋានព្រះច័ន្ទជាមួយអវកាសយានិក ហើយក៏ជាពេលវេលាដែលបាតុភូតដែលគ្រប់គ្នាភ័យខ្លាចខ្លាចបំផុតបានកើតឡើងផ្ទួនៗផងដែរ។
នៅម៉ោង ១១៖២២នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៦៩ គ្រាប់រ៉ុក្កែតប្រភេទ Saturn V ដែលពាំនាំយាន Apollo 12 បានបញ្ឆេះចេញពីស្ថានីយបាញ់បង្ហោះ Kennedy Space Center។ រយៈពេល ៣៦.៥វិនាទីក្រោយការបាញ់បង្ហោះ គ្រាប់រ៉ុក្កែតនេះបានទទួលរងបាតុភូតរន្ធះបាញ់ម្តង (ស្ថិតនៅរយៈកម្ពស់ ២គីឡូម៉ែត្រពីផ្ទៃដី) និងបន្ទាប់មកទៀតនៅវិនាទីទី ៥២ វាក៏ទទួលរងការរន្ទះបាញ់មួយផាំងទៀត។
បាតុភូតខាងលើនេះ ពិតជាបានធ្វើក្រុមការងារអង្គការ NASA និងប្រជាជនអាមេរិកដែលបានឈរទស្សនាសកម្មភាពផ្ទាល់ភ័យរន្ធត់មិនស្ទើរនោះទេ ប៉ុន្តែបេសកកម្មខាងលើនេះ នៅតែហោះចេញពីភពផែនដី ទៅចុះចតលើឋានព្រះច័ន្ទ និងត្រឡប់មកកាន់ភពផែនដីវិញដោយជោគជ័យ បន្ទាប់ពីបេសកកម្ម Apollo 11 បានត្រួសត្រាយផ្លូវដ៏សំខាន់នៅមុននោះប៉ុន្មានខែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បាតុភូតរន្ទះបាញ់ដូចខាងលើនេះ គឺកម្របានកើតមានទៀតឡើយ រហូតមកដល់បច្ចុប្បន្ន ព្រោះថាការព្យាករណ៍ស្ថានភាពអាកាសធាតុ មានលក្ខណៈកាន់តែប្រសើរឡើង ហើយការបាញ់បង្ហោះយាន ឬផ្កាយរណបនានាទៅកាន់ទីអវកាស ដោយប្រើប្រាស់គ្រាប់រ៉ុក្កែតនោះ គឺមិនអាចធ្វើឡើងនៅពេលអាកាសធាតុមិនអំណោយផល ដូចជាមានភ្លៀងផ្គរ ឬព្យុះនោះឡើយ៕
ប្រភព៖ Space