ស្វែងយល់បន្ថែមអំពីបណ្តាញផ្កាយរណប Starlink ដែលបានធ្វើឲ្យប្រជាជនមួយចំនួនភ្ញាក់ផ្អើល

163

(អាមេរិក)៖ បណ្តាញផ្កាយរណប Starlink ដែលជាគំរោងដ៏ធំធេងរបស់ក្រុមហ៊ុន​អវកាសអាមេរិក SpaceX នោះត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាស តាំងតែពីអំឡុងខែឧសភា ឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែមួយរយៈចុងក្រោយគឺអំឡុងខែវិច្ឆិកានេះ វាបានចល័តទាំងខ្សែពីលើ​បណ្តាប្រទេសមួយចំនួននៅជុំវិញភពផែនដី ខណៈប្រជាជនកម្ពុជាមួយចំនួន ក៏បានថតយកទិដ្ឋភាពនេះ និងបង្ហោះលើបណ្តាញសង្គមដើម្បីបង្ហាញការងឿងឆ្ងល់ផងដែរ។

តាមពិតទៅផ្កាយរណបចំនួន ៦០គ្រឿងរបស់ SpaceX ខាងលើនេះ ត្រូវបានបាញ់បង្ហោះឡើង ដើម្បីចាប់ផ្តើមគំរោងផ្គត់ផ្គង់សេវាអ៊ីនធើណិត នៅទូទាំងសហរដ្ឋអាមេរិក ហើយការបាញ់បង្ហោះជាបន្តបន្ទាប់នឹងត្រូវធ្វើឡើង រហូតទៅដល់គ្រប់ចំនួន ១,៨០០គ្រឿងក្នុងតំណាក់កាលទី១ ដើម្បីផ្គត់ផ្គង់សេវាអ៊ីនធើណិត​ដល់បណ្តាទីប្រជុំជនភាគច្រើន ដែលមានមនុស្សរស់នៅកកកុញបំផុតនៅទូទាំងភពផែនដី។

ផ្កាយរណបទាំង ៦០គ្រឿងដែលតម្រៀបគ្នាជាជួរដូចរថភ្លើងខាងកើនេះ ក្នុងមួយគ្រឿងៗមានទម្ងន់ ២២៧គីឡូក្រាម និងដើរដោយថាមពលព្រះអាទិត្យ តាមរយៈបន្ទះសូឡាដែលភ្ជាប់នៅតួខ្លួនពួកវា។ លោក អេឡុន ម៉ាសក៍ (Elon Musk) មហាសេដ្ឋីអាមេរិក និងជាម្ចាស់របស់ SpaceX ធ្លាប់បានលើកឡើងថា លោកចង់ឲ្យតំបន់ដែលគ្មានអ៊ីនធើណិត ឬតំបន់ដែលមានតម្លៃសេវាអ៊ីនធើណិតថ្លៃ ទទួលបានប្រយោជន៍ពីផ្កាយរណបផ្តល់សេវាអ៊ីនធើណិតរបស់ SpaceX ទាំងនេះ។

កន្លងមកក៏ធ្លាប់មានការរិះគន់ផងដែរ ចំពោះគំរោងរបស់លោក Elon Musk ដែលកំពុងប្រព្រឹត្តទៅនេះ ជាពិសេសពីសំណាក់ក្រុមតារាវិទូ ដែលតែងប្រើប្រាស់កែវយឺតអង្កេត​ផ្ទៃមេឃពីលើភពផែនដី ព្រោះបើផ្កាយរណបមានកាន់តែច្រើន នោះភាពស្រឡះល្អនៃផ្ទៃមេឃក៏រងការគំរាមកំហែង ដែលធ្វើឲ្យបេសកកម្មទៅថ្ងៃមុខ ត្រូវជួបបញ្ហាដោយគេចមិនរួច។

គួរបញ្ជាក់ថា ក្រុមហ៊ុន Amazon របស់កំពូលមហាសេដ្ឋីអាមេរិកលោក ចេហ្វ បេហ្សូស (Jeff Bezos) កំពុងសិក្សាបង្កើតគំរោងដូច SpaceX ផងដែរ។ ដោយឡែកសម្រាប់ការចល័ត​ផ្កាយរណបទាំងខ្សែឆ្លងកាត់តំបន់ជាច្រើនលើលោក ដែលមានការរាយការណ៍ដូចជានៅវៀតណាម កម្ពុជា និងប្រទេសមួយចំនួនទៀតនេះ គឺមិនទាន់មានការបញ្ជាក់អំពីមូលហេតុនោះឡើយ។ បណ្តាញផ្កាយរណប Starlink ទាំង ៦០គ្រឿងនេះមានកម្ពស់ប្រមាណជាង ៤០០គីឡូម៉ែត្រពីផ្ទៃផែនដី៕

ប្រភព៖ FOX News (ថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩)

480×240 Banner