ក្នុងចំណោមរូបភាពអវកាសទាំង៥សន្លឹកនេះ យ៉ាងហោចណាស់ក៏មាន១ដែរ អាចស្រាយចម្ងល់អ្នក (រូបភាពខាងក្នុង)
(អាមេរិក)៖ ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងអវកាសតែងតែធ្វើឲ្យមនុស្សគ្រប់គ្នា ដែលស្រឡាញ់វិស័យនេះ រំភើប ងឿងឆ្ងល់ និងចង់បានចម្លើយឆាប់ៗ ប៉ុន្តែវាមិនប្រាកដថាអ្វីៗសុទ្ធតែពិបាកស្វែងយល់ដោយខ្លួនឯងនោះឡើយ។ ចម្លើយពេលខ្លះ គឺយើងអាចប្រទះឃើញនៅហ្នឹងមុខ តាមរយៈការសិក្សាស្រាវជ្រាវបន្តិចម្តងៗ។ ខាងក្រោមនេះគឺជារូបភាពពិសេសទាំង ៥ អំពីលំហអវកាស ដែលយ៉ាងណាស់ក៏មាន ១ ដែរអាចស្រាយចម្ងល់លោកអ្នកផងក៏ថាបាន៖
១៖ នេះជាបាតុភូតព្រះច័ន្ទបាំងឆ័ត្រ ឬ Lunar halo រះនៅចំពោះមុខតេឡេស្កូប La Silla នៅក្នុងប្រទេសឈីលី (អាមេរិកឡាទីន) ដែលត្រូវបានថតដោយអ្នកជំនាញ Tafreshi នៃអង្គការអឺរ៉ុប ESO កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ មិនត្រឹមតែពន្លឺព្រះច័ន្ទរះយ៉ាងចិញ្ចែងនោះឡើយ ពន្លឺផ្កាយផ្សេងៗទៀត ក៏ប្រដឹសឡើងនៅក្នុងរូបភាពដ៏គួរឲ្យគយគន់នេះ ព្រមពេលជាមួយផងដែរ។
២៖ លាហើយ Ryugu! នេះជារូបភាពដែលត្រូវបានថតដោយយាន-ផ្កាយរណបជប៉ុន Hayabusa2 របស់ជប៉ុន ដែលបានចាកចេញពីអាចម៍ផ្កាយ Ryugu កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ គ្រាន់តែបោះពួយសំដៅមកផែនដីវិញភ្លាម Hayabusa2 មិនភ្លេចងាកក្រោយថត Ryugu ប៉ុន្មានប៉ុស្តិ៍ទុកផ្ញើមកកាន់តែផែនដីវិញឡើយ ហើយវានឹងមកដល់ភពផែនដីវិញនៅអំឡុងចុងឆ្នាំ២០២០។
៣៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាពេលវេលាដ៏កម្រមួយ ដែលមនុស្សបានទស្សនាបាតុភូត ភពពុធគោចរសន្សឹមពីគែមម្ចាង ទៅគែមម្ខាងទៀតនៃព្រះអាទិត្យ ដោយប្រើប្រាស់ពេលជាង ៥ម៉ោងសម្រាប់អ្នកទស្សនាលើផែនដី។ មនុស្សម្នាជាច្រើន ជាពិសេសនៅទ្វីបអាមេរិក បានព្យាយាមទស្សនា និងផ្តិតយកទិដ្ឋភាពនេះ ដែលមិនអាចកើតមានឡើងម្តងទៀតឡើយ រហូតដល់ទៅឆ្នាំ២០៣២។
៤៖ ការបើកគំរបតេឡេស្កូប VLT Survey Telescope (VST) របស់អង្គការអឺរ៉ុប ESO បានឆ្លៀតផ្តិតយករូបភាពដ៏អស្ចារ្យនៃការឡាក់ស៊ី Milky Way របស់យើងស្ថិតនៅចំពោះមុខ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបភាពមួយនេះពិតជាអស្ចារ្យ ដោយវាត្រូវបានថតដោយកាមេរ៉ា OmegaCAM ដែលអាចទាញយករូបភាពក្នុងកម្រិតរហូតដល់ទៅ ២៥៦លានភីចស៊ែលឯណោះ។
៥៖ នេះជារូបភាពភពព្រហស្បតិ៍បែបចម្លែក ដែលត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Kevin Gill កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ គាត់បានប្រមូលផ្តុំទិន្នន័យដែលត្រូវបានថតដោយយានអវកាស Juno ក្រោយពីវាបានហោះឆ្វែលភពព្រហស្បតិ៍ជាលើកទី ២៣ កាលពីដើមខែវិច្ឆិកា ហើយប្រមូលផ្តុំចូលគ្នាទើបបង្កើតចេញជារូបភាពថ្មីមួយសន្លឹក ដ៏គួរឲ្យចាប់អារម្មណ៍។ រូបភាពនេះទំនងជាបង្ហាញអំពីការប្រែប្រួល នៃស្រទាប់ឧស្ម័នរបស់ភពព្រហស្បតិ៍ និងចលនាកញ្ជ្រោលខុសប្លែកនៃផ្ទៃមេឃរបស់វាផងដែរ៕