តាមទិន្នន័យអំពី UFO ដំបូងកាលពីឆ្នាំ២០០៤ ត្រូវបានក្រុមមិនស្គាល់មុខ​បញ្ជាឲ្យលុបចោលភ្លាមៗ តែវាត្រូវបានទម្លាយនៅឆ្នាំបន្តបន្ទាប់…

116

(អាមេរិក)៖ មន្រ្តីយោធាជើងទឹកអាមេរិកមួយចំនួន ដែលបានជួបប្រទះឃើញវត្ថុចម្លែក UFO លើផ្ទៃអាកាសកាលពីឆ្នាំ២០០៤ បានបង្ហើបឲ្យដឹងថា គ្រានោះមានក្រុមមនុស្សមិនស្គាល់អត្តសញ្ញាណ បានទាមទារឲ្យពួកគេប្រគល់ ហើយលុបចោលវីដេអូ ក៏ដូចជាទិន្នន័យពាក់ព័ន្ធហេតុការណ៍នោះទាំងអស់តែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​វែបសាយព័ត៌មាន Space នៅថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

កាលពីខែវិច្ឆិកា ឆ្នាំ២០០៤ នាវាចម្បាំងអាមេរិកមួយគ្រឿង ដែលធ្វើដំណើរនៅក្បែរឆ្នេររដ្ឋកាលីហ្វរញ៉ា បានប្រទះឃើញរលកសញ្ញាចម្លែកមួយ ដែលបញ្ចេញពីវត្ថុមួយនៅលើផ្ទៃអាកាស។ រលកសញ្ញានោះគឺមិនដូចរលកសញ្ញាយន្តហោះណាមួយ ដែលគេស្គាល់ឡើយ។ ដូច្នេះយន្តហោះចម្បាំងត្រូវបានបញ្ជូន ឲ្យទៅពិនិត្យមើលវត្ថុចម្លែកនោះដោយផ្ទាល់។

វីដេអូដែលយន្តហោះចម្បាំងអាមេរិកថតបាននៃវត្ថុចម្លែកនោះ ទើបតែត្រូវបញ្ចេញជាសាធារណៈកាលពីប៉ុន្មានឆ្នាំមុន ហើយទើបត្រូវរដ្ឋាភិបាលអាមេរិកទទួលស្គាល់ក្នុងឆ្នាំ២០១៩ នេះប៉ុណ្ណោះ។ ក្រៅពីហេតុការណ៍នៅឆ្នាំ២០០៤ ហេតុការណ៍ស្រដៀងគ្នានេះ ក៏បានកើតមានឡើងនៅឆ្នាំក្រោយៗទៀតផងដែរ ប៉ុន្តែដោយសារភាពមិនច្បាស់លាស់ ទើបព័ត៌មានមិនត្រូវបានទម្លាយជាសាធារណៈ។

គួរជម្រាបថា បើតាមក្រុមមន្រ្តីយោធាជើងទឹកអាមេរិក ដែលបានជួបប្រទះឃើញហេតុការណ៍ឆ្នាំ២០០៤ បានប្រាប់ថា ភ្លាមៗក្រោយមកមានក្រុមជនមិនស្គាល់អត្តសញ្ញាណ ព្រមទាំងថ្នាក់លើរបស់ពួកគេ បានទាមទារឲ្យពួកគេប្រគល់ទិន្នន័យ និងវីដេអូពាក់ព័ន្ធហេតុការណ៍នោះ ហើយលុបអ្វីៗចោលទាំងអស់។ ចំណែកឯវត្ថុ UFO នោះវិញគេនៅតែមិនទាន់ដឹងថា វាជាអ្វីឲ្យប្រាកដឡើយ។

កាលពីឆ្នាំ២០១៧ សារព័ត៌មាន New York Times បានចុះផ្សាយថា យន្ដហោះចម្បាំង F-18 របស់កងទ័ពជើងទឹកអាមេរិកមួយគ្រឿង បានប្រឈមមុខដាក់គ្នាជាមួយវត្ថុចម្លែកម្យ៉ាងដែលគេ ជឿជាក់ថាជាថាសហោះ ឬ UFOs (មនុស្សលើផែនដីនិយមហៅថា ថាសហោះរបស់មនុស្សក្រៅភព) នៅលើដែនអាកាសក្បែរទីក្រុង សាន់ឌីហ្គោ (San Diego) នៃរដ្ឋកាលីហ្វ័រញ៉ា (California)។ អាកាសយានិកលើយន្ដហោះចម្បាំង F-18 បានថតជាប់វត្ថុចម្លែកនេះ ដោយប្រើកាមេរ៉ាបំពាក់លើកាណុងកាំភ្លើង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៤ និងត្រូវបានគេមើលឃើញថា មានភាពងងឹតដោយចំណាំងនៃពន្លឺព្រះអាទិត្យ មុននឹងវាគេចចេញពីយន្ដហោះចម្បាំង ក្នុងល្បឿនយ៉ាងលឿនដែលគេមិនអាចស្ទង់បាន៕

480×240 Banner