ផ្សែងដែលផុសចេញពីព្រះច័ន្ទភពព្រហស្បតិ៍ មានចំហាយទឹកនៅលាយឡំជាមួយ ដែលអំណោយផលសម្រាប់ការវិភាគរកជីវិត
(បរទេស)៖ លទ្ធផលនៃការសិក្សាថ្មីមួយបានបង្ហាញថា អ្នកវិទ្យាសាស្រ្តបានរកឃើញវត្តមាន កំសួលចំហាយទឹកនៅក្នុងដុំផ្សែង ដែលផុសចេញមកពីក្រោមផ្ទៃព្រះច័ន្ទ Europa របស់ភពព្រហស្បតិ៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
កន្លងមកនេះកែវយឺតអវកាស Hubble របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រទះឃើញភស្តុតាងដែលឲ្យតំរុយថា អាចមានដុំផ្សែង (ផ្ទុកចំហាយទឹក) បញ្ចេញពីក្រោមផ្ទៃព្រះច័ន្ទ Europa ខណៈព្រះច័ន្ទនេះត្រូវបានអ្នកវិទ្យាសាស្រ្តជឿជាក់ថា មានផ្ទុកមហាសមុទ្រដ៏ធំល្វឹងល្វើយ នៅក្រោមផ្ទៃស្រទាប់ខាងលើរបស់វា ដែលជាផ្ទាំងទឹកកកកម្រាស់រាប់គីឡូម៉ែត្រ។ បើតាមការសិក្សាខាងលើ ពេលនេះអ្នកវិទ្យាសាស្រ្តបានរកឃើញ វត្តមានបំភាយនៃចំហាយទឹកក្នុងដុំផ្សែង ទាំងនោះដោយផ្ទាល់ជាលើកដំបូង។
លោក Lucas Paganini ដែលជាអ្នកដឹកនាំការសិក្សាថ្មីនោះ បាននិយាយថា ធាតុគីមីសំខាន់ៗដូចជា កាបូន អ៊ីដ្រូសែន អុកស៊ីសែន អាសូត ផូស្វ័រ និងស្ពាន់ធ័រ ព្រមទាំងប្រភពនៃថាមពលនានា ដែលជាកត្តាចាំបាច់ចំនួន ២ ក្នុងចំណោមកត្តាចាំបាច់ទាំង ៣ សម្រាប់ទម្រង់ជីវិតសុទ្ធតែត្រូវបានរកឃើញ នៅពាសពេញប្រព័ន្ធព្រះអាទិត្យយើង ប៉ុន្តែកត្តាទី ៣ ដែលជាទឹករាវគឺពិបាកស្វែងរកខ្លាំងណាស់ ក្រៅពីនៅលើភពផែនដីយើង។
យ៉ាងណាមិញលោក Paganini បានបន្តថា «ខណៈអ្នកវិទ្យាសាស្រ្តពុំអាចទាន់រកឃើញវត្តមានទឹកវាវជាក់ស្តែងផ្ទាល់តែម្តងនោះ ពួកយើងបានរកឃើញវត្ថុដ៏ល្អប្រសើរមួយទៀត គឺទឹកក្នុងទម្រង់ជាបំភាយចំហាយទឹក»។ អំឡុងការអង្កេតតាមដានព្រះច័ន្ទ Europa កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ ដោយប្រើប្រាស់ប្រព័ន្ធតេឡេស្កូបនៅរដ្ឋហាវ៉ៃ ពួកគេក៏បានប្រទះឃើញសញ្ញានៃបំភាយចំហាយទឹក នៅលើផ្ទៃព្រះច័ន្ទទឹកកកនោះ។ អ្នកស្រាវជ្រាវយល់ថា ប្រភពនៃចំហាយទឹកនោះ គឺមកពីដុំផ្សែងដែលអាចបញ្ចេញមកពីមហាសមុទ្រ ដែលកប់នៅក្រោមផ្ទៃ Europa ឬក៏អាងទឹកដែលកើតចេញពីការរលាយ នៃស្រទាប់ទឹកកកក្នុងណាមួយរបស់វា។
គួរជម្រាបថា ការបញ្ចេញដុំផ្សែងនៅលើព្រះច័ន្ទ Europa ក៏ដូចជានៅលើព្រះច័ន្ទ Enceladus នៃភពសៅរ៍ បានទាក់ទាញចំណាប់អារម្មណ៍អ្នកវិទ្យាសាស្រ្តខ្លាំង ដោយសារតែពួកវាអាចជាប្រភពនៃគំរូស្លាកស្នាម បានមកពីបរិស្ថានដែលទំនងជាអាចមានផ្ទុកទម្រង់ជីវិត ខណៈនាពេលអនាគតអង្គការ NASA គ្រោងនឹងបញ្ជូនយានអវកាស ឲ្យទៅសិក្សាទៅព្រះច័ន្ទទាំងនោះ។ បច្ចុប្បន្ន NASA កំពុងអភិវឌ្ឍបេសកកម្មមួយមាន ឈ្មោះថា Europa Clipper ដែលត្រូវបានគ្រោងថា នឹងបញ្ជូនចេញពីផែនដីពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០២០ ដើម្បីឆ្ពោះទៅសិក្សា Europa៕