កុំភ្លេច! ក្នុងសប្តាហ៍នេះមានផ្កាយពិសេសមួយ បង្ហាញខ្លួននៅលើផ្ទៃមេឃផែនដីយើង ដែលមានពន្លឺយ៉ាងចម្លែក…

264

(បរទេស)៖ ក្នុងសប្តាហ៍នេះផ្កាយគួរឲ្យចាប់អារម្មណ៍ឈ្មោះថា ម៉ៃរ៉ា (Mira) នឹងបង្ហាញខ្លួននៅកម្ពស់ខ្ពស់បំផុតរបស់វា លើផ្ទៃមេឃភាគខាងត្បូងកំឡុងម៉ោង ១០៖០០យប់ (ម៉ោងនៅកម្ពុជា) ដោយមានលក្ខណៈពន្លឺមិននឹងនរនោះឡើយ​ (ភ្លឹបភ្លែតៗ)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទោះបីជាមួយរយៈពេលជិតមួយខែបានកន្លងផុតទៅ ចាប់តាំងតែពីការបញ្ចេញពន្លឺភ្លឺបំផុតរបស់វាក៏ដោយ ផ្កាយ Mira នៅតែអាចត្រូវមើល ឃើញដោយភ្នែកទទេ ដោយមិនចាំបាច់ប្រើកែវយឺតបាន ហើយឱកាសល្អដើម្បីមើលវា គឺពេលដែលមេឃគ្មានពពក (ស្រឡះល្អ) ក្នុងកំឡុងសប្តាហ៍នេះតែម្តង។

Mira គឺជាផ្កាយដែលមានពន្លឺប្រែប្រួលចុះឡើង ខណៈវាក៏ជាផ្កាយបែបនេះដំបូងគេ ដែលត្រូវបានរកឃើញផងដែរ និងស្ថិតនៅកញ្ចុំផ្កាយ Cetus។ ផ្កាយ Mira ស្ថិតនៅចម្ងាយប្រមាណជា ៣០០ឆ្នាំពន្លឺពីផែនដី និងមានមុខកាត់ធំជាងមុខកាត់ព្រះអាទិត្យចន្លោះ ៤០០-៥០០ដង ប៉ុន្តែមានម៉ាសច្រើនជាងផ្កាយយើងត្រឹម ២ដងប៉ុណ្ណោះ។

គួរជម្រាបថា តាមពិតទៅ Mira គឺជាប្រព័ន្ធផ្កាយដែលមានផ្កាយពីរដួង។ ក្នុងចំណោមនោះ Mira A គឺជាផ្កាយដែលយើងអាចមើលឃើញដោយភ្នែកទទេ និងជាផ្កាយក្រហមយក្ស។ រីឯផ្កាយ Mira B គឺជាកូនផ្កាយសដែលមានទំហំតូច និងពន្លឺខ្សោយជាង។ វត្តមានផ្កាយ Mira B ត្រូវបានបញ្ជាក់ច្បាស់ តាមរយៈរូបភាពដែលថតបានដោយកែវយឺតអវកាស Hubble របស់ទីភ្នាក់ងារអវកាសអាមេរិកកាលពីឆ្នាំ១៩៩៧ ដែលមានន័យថា យើងមិនអាចមើលឃើញ Mira B ដោយភ្នែកទទេឡើយ៕

480×240 Banner