ការធ្វើតេស្តនាវាអវកាសដំបូងរបស់ SpaceX «ទទួលបរាជ័យ» ដោយកំហុសបច្ចេកទេសធំមួយ…

113

(បរទេស)៖ ការធ្វើតេស្តគំរូយានអវកាស Starship ទី១របស់ក្រុមហ៊ុនអវកាសអាមេរិក SpaceX បានជួបបញ្ហានាថ្ងៃពុធសប្តាហ៍នេះ ក្នុងការធ្វើតេស្តលើកដំបូងរបស់វា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

នាយកប្រតិបត្តិ និងជាស្ថានិកក្រុមហ៊ុន SpaceX លោក អេឡុន ម៉ាសក៍ (Elon Musk) បានលើកឡើងថា ក្រុមហ៊ុនលោកនឹងងាកទៅផ្តោតលើកិច្ចការអភិវឌ្ឍគំរូយាន Starship បន្ថែមទៀត ជាជាងជួសជុលនិងធ្វើតេស្តគំរូយាន Starship ទី ១ ដែលមានឈ្មោះថា Mk1 នេះឡើងវិញ។ ទន្ទឹមគ្នានេះគំរូ Mk2 នៃយាន Starship កំពុងតែស្ថិត ក្រោមការអភិវឌ្ឍរួចជាស្រេចនៅឯមូលដ្ឋានរបស់ក្រុមហ៊ុន SpaceX នៅរដ្ឋផ្លូរីដា ខណៈបើតាមលោក Musk ក្រុមហ៊ុនទំនងជានឹងចាប់ផ្តើម ផ្តោតទៅលើការរចនាគំរូ Mk3 តែម្តង ហើយលទ្ធផលនៃការធ្វើតេស្តគំរូ Mk1 មិនមែនជាបញ្ហារាំងស្ទះធំដុំអ្វីនោះទេ។

គួរជម្រាបថា កំឡុងការធ្វើតេស្តសម្ពាធនៅក្នុងគំរូយាន Mk1 គម្របខាងលើរបស់វាក៏ស្រាប់តែបានផ្ទុះឡើង ហើយបង្កឲ្យតួយានរងការខូចខាតថែមទៀត។ គំរូយាននេះត្រូវបានក្រុមហ៊ុន SpaceX បង្ហាញខ្លួនជាលើកដំបូង កាលពីចុងខែកញ្ញា ឆ្នាំ២០១៩ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងនៅអាមេរិក និងអន្តរជាតិ។
គ្រានោះដែរលោក Musk ធ្លាប់បានបង្ហាញក្តីសង្ឃឹមថា Mk1 អាចនឹងធ្វើការហោះហើរសាកល្បងដោយពុំមានដឹកមនុស្ស នៅមុនដំណាច់ឆ្នាំនេះ ក៏ប៉ុន្តែឥឡូវវាហាក់មិនអាចទៅរួចនោះទេ។ Starship គឺជាគម្រោងអភិវឌ្ឍន៍យាន ឬអាចហៅបានថា «នាវាអវកាស» មួយគ្រឿង ដែលនឹងមានសមត្ថភាពដឹកអ្នកដំណើរបាន ១០០នាក់ ឆ្ពោះទៅកាន់ឋានព្រះច័ន្ទ ឬភពអង្គារ (Mars) ជាដើមរបស់ក្រុមហ៊ុន SpaceX៕

480×240 Banner