ការវិភាគប្លែកៗអំពីជីវិតអេលៀនលើភពអង្គារ គឺជារឿងមិនពិត, ក្រុមអ្នកវិទ្យាសាស្ត្រសុំឲ្យបញ្ឈប់
(អាមេរិក)៖ ខណៈសាស្រ្តាចារ្យម្នាក់នៅសាកលវិទ្យាល័យអាមេរិក Ohio បានអះអាងថា ខ្លួនបានរកឃើញវត្តមានសត្វល្អិត និងសត្វល្មូននៅក្នុងរូបភាពមួយចំនួន ដែលថតបាននៅលើភពអង្គារ ក្រុមអ្នកវិទ្យាសាស្រ្តភាគច្រើនបានចេញមុខបកស្រាយថា វាមិនមែនជាការពិតនោះទេ ហើយការអះអាងបែបនេះ អាចប៉ះពាល់ជាខ្លាំងដល់របកគំហើញពិតនាថ្ងៃអនាគត។
សាស្រ្តាចារ្យម្នាក់ឈ្មោះ William Romoser នៃសាកលវិទ្យាល័យរដ្ឋ Ohio របស់សហរដ្ឋអាមេរិកបានចងក្រងរូបភាពមួយចំនួន ដែលកន្លងមកយានរ៉ូបូត របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានធ្វើការថតយកនៅលើភពអង្គារ។ លោកអះអាងថា លោកបានរកឃើញវត្តមានទម្រង់ជីវិត ដែលដូចជាសត្វល្អិត និងសត្វល្មូននៅក្នុងនោះ ប៉ុន្តែគ្មានភស្តុតាងរឹងមាំអ្វីឡើយ ក្រៅតែពីការបកប្រែរបស់ខ្លួនឯងផ្ទាល់ ទៅលើទម្រង់នៃរូបភាពទាំងនោះប៉ុណ្ណោះ ពោលគឺគ្រាន់តែលោកឃើញរូបរាងចម្លែកស្រដៀងៗនឹងសត្វ ហើយក៏សន្និដ្ឋានចេញមកតែម្តង។
គួរជម្រាបថា បើតាមការយល់ឃើញរបស់អ្នកវិទ្យាសាស្រ្តភាគច្រើន ដែលបានបញ្ចេញមតិចំពោះការអាងអាងខាងលើ ការធ្វើបែបនេះអាចបណ្តាលឲ្យមហាជនទូទៅ ដែលក្រឡេកមើលចំណងជើងព័ត៌មាន តែមួយភ្លែតៗនោះចាត់ទុកថា វាជាព័ត៌មានពិត ព្រោះវាចេញមកពីសាកលវិទ្យាល័យធំមួយ ទាំងមូលដូចជា Ohio University នេះជាដើម។
ប្រការនេះមានលទ្ធភាពធ្វើឲ្យនៅពេលដែលអ្នកវិទ្យាសាស្រ្ត រកឃើញវត្ថុពិតប្រាកដអ្វីម៉្យាង ឧទាហរណ៍ទម្រង់ជីវិតជាដើម នៅលើភពអង្គារ និងកន្លែងដទៃទៀតក្នុងប្រព័ន្ធព្រះអាទិត្យយើង ដំណឹងនោះនឹងមិនសូវមានឥទ្ធិពលអ្វីឡើយ ព្រោះមនុស្សទូទៅធ្លាប់បានលឺព័ត៌មានបែបនេះជាច្រើនដងមកហើយ ពោលគឺពួកគេគិតថា អ្នកវិទ្យាសាស្រ្តធ្លាប់បានរកឃើញវត្តមាន នៃទម្រង់ជីវិតរួចទៅហើយនៅក្រៅភពផែនដី បើទោះបីជាព័ត៌មានទាំងនោះមិនពិតក៏ដោយ៕
ប្រភព៖ សារព័ត៌មាន Space (ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩)