ក្រុមអ្នកវិទ្យាសាស្ត្រ NASA «កំពុងបង្កើតរ៉ូបូតអវកាស ដែលអាចចាក់ឥន្ធនៈឲ្យផ្កាយរណប» ចំនួនរាប់ពាន់គ្រឿង​ដែលកំពុងចល័តនៅនៅទីអវកាស!

253

(អាមេរិក)៖ ផ្កាយរណប​ជាច្រើន​ដែលកំពុងស្ថិត​នៅគន្លងតារាវិថី​របស់ភពផែនដី ព្រមទាំងភពដទៃ​ផ្សេងទៀត ក្នុងប្រព័ន្ធ​ព្រះអាទិត្យ ​ធ្វើ​ដំណើរ​ក្នុងល្បឿន​រាប់ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបេសកកម្ម​របស់ពួកវាមាន​រយៈពេលរាប់ឆ្នាំ និងខ្លះទៀត​ដល់ទៅរាប់ទសវត្សរ៍​ថែម​ទៀតផង។ ផ្កាយរណបទាំង​អស់នោះ ត្រូវបានរចនា និងកសាងឡើង ក្នុងគោលបំណង​​ឲ្យ​ពួក​វាអាចបំពេញ​​បេសកកម្ម បាន​ដោយខ្លួនឯង​​នៅ​ទីអវកាស ក៏ប៉ុន្តែមាន​សំណួរ​ចោទសួរថា តើទីភ្នាក់ងារ​អវកាសនានា ធ្វើការថែទាំ ផ្គត់ផ្គង់ និងជួលជុល​ពួកវាដោយរបៀប​ណាខ្លះនោះ ប្រ​សិនបើ​ផ្នែករបស់ផ្កាយរណប​ទាំងនោះរងការខូចខាត ឬមួយក៏ពួកវាជិត​អស់ប្រេងឥន្ទនៈ​ជាដើម។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី​​​វែបសាយវិទ្យាសាស្រ្ត Live Science នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។

សម្រាប់ករណីទាំងនោះ​គឺគ្រឿងយន្តអវកាស ឬរ៉ូបូត​មានតួនាទីជាអ្នក​ដោះស្រាយ។ នៅក្នុងវេទិកា​ពិភាក្សាអវកាស «Robots in Space» ដែល​បាន​ប្រព្រឹត្ត​ទៅកាលពីពេល​ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្រ្ត​មកពីទីភ្នាក់ងារ​អវកាសអាមេរិក NASA បានធ្វើការ​ពន្យល់បកស្រាយ​អំពី​របៀបដែល​​ក្រុមវិស្វករជំនាញ​កំពុងររចនារ៉ូបូត ឲ្យអនុវត្តន៍ និងបំពេញនូវកិច្ចការ​ដ៏ជាក់លាក់ និងហាក់បីដូច​ជាមិនអាចទៅរួច នៅក្នុង​ទីអវកាស។ តួយ៉ាង​ការ​បញ្ចូលប្រេង​ទៅឲ្យផ្កាយរណប ដែលកំពុងធ្វើ​ដំណើរក្នុងល្បឿន​រាប់ពាន់គីឡូម៉ែត្រ​ជាដើម។

ជាមួយគ្នានេះ​អង្គការ NASA ក៏បានបង្ហាញឲ្យ​ឃើញពីគំរូនៃរ៉ូបូត​អវកាសមានឈ្មោះថា Raven ជាផ្នែកនៃបេសកកម្មមួយ ដែលនឹងមានសមត្ថ​ភាពក្នុងការតាមរក កំណត់ទីតាំង និងបញ្ចូលប្រេង​ទៅឲ្យយានអវកាស​ស្វ័យប្រវត្តិ ដោយរួមបញ្ចូល​ទាំងបណ្តា​ផ្កាយរណប ដែលពុំត្រូវបាន​រចនាឡើងឲ្យ​បំពេញប្រតិបត្តិការ​នៅក្នុងទីអវកាស​ផងដែរ។ បេសកកម្មនោះ​មានឈ្មោះថា Restore-L ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅ​ក្នុង​ឆ្នាំ២០២០។

រ៉ូបូត Raven នាពេលថ្មីៗ​នេះ ត្រូវបានគេបញ្ជូន​ទៅកាន់ស្ថានីយ៍​អវកាសអន្តរជាតិ (ISS) ដើម្បីប្រមូល​ទិន្នន័យ។ តាមរយៈការត្រួតពិនិត្យ​ទៅ​លើស្ថានីយ ISS ជាមួយ Sensor ចំនួនបី​របស់វា នៅពេល Raven ឆ្ពោះទៅកាន់ ចូលចត និងចាកចេញ​មកវិញពីស្ថានីយ៍​អវកាសនោះ រ៉ូបូត​មួយនេះ​ប្រមូលបាន​ព័ត៌មានល្អៗ និងពោរពេញ​ដោយ​សារៈប្រយោជន៍​ជាច្រើន ទាក់ទងនឹង​ការធ្វើចលនា​របស់ស្ថានីយ៍ ISS ដែលនឹងជួយ​​​ដល់ក្រុមវិស្វករ​របស់ NASA ក្នុងការរៀបចំវា​ដើម្បីកំណត់ទីតាំង និងតាមរកផ្កាយរណប​ដែលធ្វើដំណើរ​ក្នុងល្បឿន​ដ៏សែនលឿន។

ចាប់តាំងពីការ​ចាប់ផ្តើមនៃកម្មវិធី​អវកាសរបស់​សហរដ្ឋអាមេរិក​មក ផ្កាយរណបសរុប​ប្រហែល ៥,០០០គ្រឿង ត្រូវបានរចនា និងកសាងឡើង ដោយក្នុងចំណោម​នោះប្រមាណ ១,៤០០ កំពុងស្ថិតក្នុងគន្លងគោរចរបស់ផែនដី រួមទាំងភពដទៃផ្សេងទៀត នៃប្រព័ន្ធព្រះអាទិត្យរបស់យើង​​នាពេលបច្ចុប្បន្ននេះ។ ក្នុងចំណោមនោះ​ទៀតសោត​ មានផ្កាយរណបតែមួយប៉ុណ្ណោះ ដែលត្រូវបាន​រចនាឡើង ដើម្បីអាចឲ្យ​បញ្ចូលឥន្ធនៈ​បាន​​គឺស្ថានីយ៍អវកាសអន្តរជាតិ ISS។

គួរបញ្ជាក់ថា យោងតាម​អង្គការ NASA ការរចនាផ្កាយ​រណបនាពេលបច្ចុប្បន្ន និងអនាគត នឹងមានភាព​ប្រសើរឡើង ហើយផ្តល់ភាព​ងាយ​ស្រួលក្នុង​ការទទួលការថែទាំនានា​នៅទីអវកាស ក៏ប៉ុន្តែបេសកកម្ម ឬ​យានអវកាស Restore-L នឹងធ្វើការសាកល្បង​ពិសេសៗ​មួយចំនួន ទាក់ទិននឹងបញ្ហា​របស់បណ្តា​ផ្កាយរណប​ជំនាន់មុនៗ៕

480×240 Banner