ចិនសម្ងំប្រើប្រាស់ទិន្នន័យពីយានអវកាស Juno តែអង្គការ NASA ចាត់ទុកថា វាគ្មានបញ្ហានោះឡើយ…
(ប៉េកាំង)៖ នាពេលកន្លងមកនេះចិនបានសំងំប្រើប្រាស់រលកសញ្ញា ដែលបញ្ជូនមកពីយានអវកាស Juno របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដើម្បីធ្វើតេស្តសមត្ថភាពប្រព័ន្ធចានផ្កាយរណបរបស់ខ្លួន ដែលសម្រាប់បម្រើដល់កិច្ចការងាររុករក នៅទីអវកាសឆ្ងាយៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space News នៅថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។
ការធ្វើតេស្តខាងលើត្រូវបានធ្វើឡើង ក្រោមគោលដៅជួយដល់គម្រោងចេញបេសកកកម្ម ឆ្ពោះទៅកាន់ភពដទៃជាលើកដំបូងរបស់ចិន ដែលរួមមានគម្រោងទៅភពអង្គារ (Mars) នៅឆ្នាំ២០២០ និងគម្រោងទៅភពព្រហស្បតិ៍ (Jupiter) នៅខ្ទង់ឆ្នាំ២០៣០ជាដើម។ បេសកកម្មទាំងនេះតម្រូវឲ្យមាន «បណ្តាញប្រព័ន្ធចានផ្កាយរណប» នៅលើផ្ទៃផែនដី ដែលអាចតាមដាន និងទាក់ទងជាមួយយានអវកាស នៅចម្ងាយរាប់រយលានគីឡូម៉ែត្រ។
ឆ្លើយតបទៅចំពោះសំណួរពាក់ព័ន្ធការធ្វើតេស្តរបស់ចិននេះ អ្នកនាំពាក្យមន្ទីពិសោធន៍ Jet Propulsion Laboratory របស់អង្គការ NASA លោក David C. Angle បានប្រាប់ថា ទីភ្នាក់ងារលោកមិនបានសហការជាមួយចិនជុំវិញការធ្វើតេស្តទេ ប៉ុន្តែលោកបានបញ្ជាក់ថា NASA រីករាយជានិច្ចក្នុងការផ្តល់ទិន្នន័យផ្សេងៗ ក៏ដូចជាទិន្នន័យរបស់យាន Juno ជាដើម ដើម្បីជួយដល់ការរីកចម្រើននៃវិស័យវិទ្យាសាស្រ្ត-ទីអវកាស នៅជុំវិញពិភពលោក។ ដោយឡែកក្រុមអ្នកជំនាញក៏បានលើកឡើងដែរថា ទង្វើរបស់ចិនមិនបង្កការគំរាមកំហែងអ្វីឡើយ ហើយបើតាមសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងវិស័យអវកាសវិញ ក៏វាមិនមែនជាបញ្ហាអ្វីដែរ ដរាបណាអ្នកវិទ្យាសាស្រ្តចិនមិនព្យាយាមជ្រៀតជ្រែកការគ្រប់គ្រង ឬក៏ប្រតិបត្តិការរបស់យានអវកាសនោះ។
គួរជម្រាបថា យានអវកាស Juno របស់ NASA បាននិងកំពុងធ្វើការសិក្សានៅក្បែរភពព្រហស្បតិ៍ ចាប់តាំងតែពីឆ្នាំ២០១៦ មក។ ការបញ្ជូនយានអវកាស ទៅគោចរជុំវិញភពព្រហស្បតិ៍នោះ គឺពិតជាផ្សងគ្រោះថ្នាក់ជាងការបញ្ជូនយានអវកាស New Horizons ទៅកាន់ភពភ្លុយតូចទៅទៀត ព្រោះការបញ្ជ្រៀតខ្លួនចូលក្បែរភពព្រហស្បតិ៍ អាចនឹងធ្វើឲ្យយាននោះខ្ទេចខ្ទី ដោយសារតែរលកវិទ្យុសកម្ម និងដែនម៉ាញេទិចដ៏សាហាវរបស់ភពឧស្ម័នយកនេះមិនខាន ប៉ុន្តែយាន Juno ត្រូវបានអភិវឌ្ឍឡើង ដើម្បីទប់ទល់បញ្ហាធំទាំងនេះបាន៕