អាចម៍ផ្កាយមួយចំនួនដែលបានធ្លាក់លើផែនដី «មានផ្ទុកម៉ូលេគុលស្ករទ្រទ្រង់ជីវិត» ដែលនេះពិតជារបកគំហើញដ៏សំខាន់!
(បរទេស)៖ ការសិក្សាថ្មីមួយបានបង្ហាញថា នៅពេលអាចម៍ផ្កាយមួយចំនួនបានធ្លាក់មកលើផែនដីយើង កាលពីយូរលង់ណាស់មកហើយ គឺពួកវាទំនងជាបាននាំយកមកជាមួយនូវ «ម៉ូលេគុលស្ករ (មិនមែនស្ករមនុស្សយើងបរិភោគនោះទេ)» ដែលជាប់ពាក់ព័ន្ធយ៉ាងសំខាន់ក្នុងដំណើរវិត្តន៍ នៃទម្រង់ជីវិតនៅលើផែនដី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Live Science នៅថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។
លទ្ធផលសិក្សាថ្មីនោះបានមកពីក្រុមអ្នកវិទ្យាសាស្រ្ត នៃទីភ្នាក់ងារអវកាសអាមេរិក NASA និងសាកលវិទ្យាល័យមួយចំនួននៅក្នុងប្រទេសជប៉ុន។ ពួកគេបានធ្វើការវិភាគលើគំរូតាងនៃបំណែកអាចម៍ផ្កាយចំនួនពីរ រួមមានបំណែកអាចម៍ផ្កាយ Murchison ដែលបានធ្លាក់នៅក្បែរក្រុង Murchison ប្រទេសអូស្រ្តាលីកាលពីឆ្នាំ១៩៦៩ និងបំណែកអាចម៍ផ្កាយ NWA 801 ដែលត្រូវបានរកឃើញនៅប្រទេសម៉ារ៉ុក កាលពីឆ្នាំ២០០១។ បំណែកអាចម៍ផ្កាយទាំងពីរ ត្រូវអ្នកវិទ្យាសាស្រ្តជឿជាក់ថា មានអាយុកាលចាស់ជាងផែនដី ទៅទៀតគឺលើសពី ៤.៥ពាន់លានឆ្នាំ។
គួរជម្រាបថា «ម៉ូលេគុលស្ករ» ដែលក្រុមអ្នកស្រាវជ្រាវខាងលើបានរកឃើញនោះ គឺហៅថា Ribose។ Ribose នេះជាសមាសធាតុផ្សំយ៉ាងសំខាន់មួយនៃ RNA ដែលមាននៅក្នុងសារពាង្គកាយ នៃទម្រង់ជីវិតនានានៅលើផែនដី។ RNA នេះទៀតសោតមានទំនាក់ទំនងទៅនឹង DNA របស់មនុស្សយើង ខណៈ DNA ក៏មានសមាសធាតុផ្សំដ៏សំខាន់ដែលជាស្ករដែរគឺហៅថា Deoxyribose តែវាមិនត្រូវ បានរកឃើញនៅបំណែកអាចម៍ផ្កាយទេ។ RNA DNA និងមួយទៀតគឺ Protein គឺជាវត្ថុស្នូលទាំង ៣ នៃទម្រង់ជីវិត។
របកគំហើញថ្មីនេះបានធ្វើឲ្យផុសឡើងម្តងទៀតនូវគំនិតដែលថា តាមពិតសមាសធាតុសំខាន់ៗ នៃទម្រង់ជីវិតនៅលើភពរបស់យើង គឺប្រហែលបានមកពីទីអវកាស។ កន្លងមកនេះ អ្នកវិទ្យាសាស្រ្តក៏ធ្លាប់បានរកឃើញផងដែរនូវ Amino Acid ដែលជាសមាសធាតុនៃ Protein និង Nucleobase ដែលជាសមាសធាតុនៃ DNA និង RNA នៅក្នុងបំណែកអាចម៍ផ្កាយធ្លាក់លើផែនដី។
ដោយឡែកក្នុងពេលឆ្នាំខាងមុខ អ្នកវិទ្យាសាស្រ្តនឹងមានឱកាសសិក្សាទៅលើគំរូតាងនៃអាចម៍ផ្កាយ ដែលនៅក្នុងទីអវកាសតែម្តងនៅពេលយាន Hayabusa-2 របស់ជប៉ុន និងយាន OSIRIS-Rex នាំយកគំរូតាងពីអាចម៍ផ្កាយ Bennu និង Ryugu មកដល់ផែនដី ៕