គំរោងយកពន្ធលើ C02 គឺប្រទេសចិនមិនគាំទ្រនោះឡើយ…
(ប៉េកាំង)៖ ប្រទេសចិននាថ្ងៃពុធនេះបានលើកឡើងថា សំណើរបស់សហភាពអឺរ៉ុប (EU) ស្តីពីគម្រោងចង់បង្កើតប្រព័ន្ធពន្ធហៅថា Carbon Border Tax នោះនឹងបង្កផលប៉ះពាល់ជាខ្លាំង ដល់ឆន្ទៈរួមរបស់សហគមន៍អន្តរជាតិ ក្នុងការចាត់វិធានការប្រឆាំងបញ្ហាបម្រែបម្រួលអាកាសធាតុសកល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
កាលពីខែតុលាកន្លងទៅ ឧត្តមស្នងការទទួលបន្ទុកបញ្ហាអាកាសធាតុរបស់ EU លោក Frans Timmermans បាននិយាយថា ការស្រាវជ្រាវនឹងចាប់ផ្តើមទៅលើគម្រោងពន្ធថ្មីខាងលើ ដែលមានគោលដៅការពារក្រុមហ៊ុនរបស់អឺរ៉ុប ពីការប្រកួតប្រជែងដែលពុំមានតម្លាភាព តាមរយៈការដំឡើងតម្លៃផលិតផលមកពីប្រទេសទាំងឡាយណា ដែលមិនអាចចាត់វិធានការគ្រប់គ្រាន់ ប្រឆាំងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។
ថ្លែងពាក់ព័ន្ធគម្រោងខាងលើ លោក Zhao Yingman អនុរដ្ឋមន្រ្តីបរិស្ថានចិនបាននិយាយថា សំណើរបស់សហភាពអឺរ៉ុប បូករួមជាមួយការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស នឹងបំផ្លាញកិច្ចប្រឹងប្រែងអន្តរជាតិ ក្នុងការរួមគ្នាទប់ស្កាត់ការកើនឡើងកម្តៅសកល។
គួរជម្រាបថា បើតាមលោក Zhao ផែនការពន្ធខាងលើ ច្បាស់ជានឹងដំឡើងតម្លៃទំនិញភាគច្រើនរបស់ចិននៅក្នុងទីផ្សារអឺរ៉ុប ហើយវានឹងរំលោភលើគោលការណ៍ស្នូល នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោកដែលបានចែងថា ប្រទេសអ្នកមានៗគួរតែទទួលបន្ទុកច្រើនជាងគេ ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់៕