ឥណ្ឌាបញ្ជូនផ្កាយរណបម្តង១៤គ្រឿងទៅកាន់ទីអវកាស ក្នុងនោះ១៣គ្រឿងរបស់អាមេរិក
(ញូដេលី)៖ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO នាថ្ងៃពុធនេះ បានបាញ់បង្ហោះផ្កាយរណបសរុបចំនួន ១៤គ្រឿងឡើងទៅកាន់លំហអវកាស ដោយជោគជ័យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
ការបញ្ជូនក្រុមផ្កាយរណបខាងលើឡើងទីអវកាស ត្រូវសម្រេចបានដោយប្រើប្រាស់គ្រាប់រ៉ុក្កែត Polar Satellite Launch Vehicle (PSLV C47) របស់ឥណ្ឌា ចេញពីមជ្ឈមណ្ឌលអវកាស សាទីស ដាវ៉ាន (Satish Dhawan) ដែលស្ថិតលើកោះស្រីហារិកូតា (Sriharikota) ក្បែររដ្ឋអាន់ដ្រាប្រាដែស (Andhra Pradesh) ភាគខាងត្បូងប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃពុធនេះ។ ក្នុងចំណោមផ្កាយរណបទាំង ១៤គ្រឿង មានមួយគ្រឿងជារបស់ឥណ្ឌា និង ១៣គ្រឿងដែលជាប្រភេទខ្នាតតូចៗ (Nano Satellite) គឺមកពីសហរដ្ឋអាមេរិក ហើយពួកវាត្រូវបានបញ្ជូនទៅដល់គន្លងគោចររៀងៗខ្លួន តាមការគ្រោងទុក។
គួរជម្រាបថា ផ្កាយរណបស៊េរីខាថូសាត (Cartosat) ត្រូវបានឥណ្ឌាចាប់ផ្តើមបង្ហោះ ឡើងទៅកាន់ទីអវកាសតាំងតែពីឆ្នាំ២០១៦ មកម្ល៉េះ។ វាគឺជាផ្កាយរណបស៊ីវិលដែលអាចផ្តិតយករូបភាព ក្នុងកម្រិតច្បាស់ជាងគេរបស់ប្រទេសឥណ្ឌា។ ផ្កាយរណប Cartosat-3 នេះ គឺជាផ្កាយរណបគ្រឿងទី ៩ នៃផ្កាយរណបស៊េរី Cartosat ហើយវាគឺជាផ្កាយរណប Cartosat ទី ៥ ដែលត្រូវបានបាញ់បង្ហោះនៅក្នុងឆ្នាំ២០១៩ នេះ។ យោងតាមទីភ្នាក់ងារ ISRO ផ្កាយរណប Cartosat-3 ខាងលើត្រូវបានបញ្ជូនឡើងទៅដល់គន្លងគោចរ ដែលមានកម្ពស់ជាង ៥០០គីឡូម៉ែត្រពីផ្ទៃផែនដី៕