ទីបំផុតមានរូបភាពនៃផ្កាយដុះកន្ទុយ Borisov ដែលហោះមកពីប្រព័ន្ធផ្កាយផ្សេងនោះហើយ (រូបភាពខាងក្នុង)

130

(បរទេស)៖ ដុំថ្មអវកាសទី ២ ដែលអ្នកវិទ្យាសាស្រ្តទទួលស្គាល់ថា មានប្រភពមកពីក្រៅប្រព័ន្ធព្រះអាទិត្យនោះ បានបង្ហាញខ្លួនក្នុងរូបភាពថ្មីមួយ ស្របពេលដែលក្រុមតារាវិទូកំពុងតែបន្ត តាមដានវាយ៉ាងយកចិត្តទុកដាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីវែបសាយព័ត៌មាន Space នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

រូបភាពខាងលើត្រូវផ្តិតយកបានដោយអ្នកស្រាវជ្រាវមួយក្រុម នៅសាកលវិទ្យាល័យ Yale ក្នុងរដ្ឋ Connecticut នៃសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យសប្តាហ៍មុន តាមរយៈការប្រើប្រព័ន្ធតេឡេស្កូប Keck នៅកោះហាវ៉ៃ។ ក្នុងរូបភាពនោះ ដុំថ្មអវកាស 2I/Borisov ដែលទំនងជាអាចម៍ផ្កាយដុះកន្ទុយ (Comet) មានកន្ទុយរបស់វាប្រវែងជិត ១៦០,០០០គីឡូម៉ែត្រ ដែលជិតស្មើមួយភាគពីនៃចម្ងាយរវាងផែនដី និងព្រះច័ន្ទ។ រីឯទំហំរបស់វាវិញត្រូវអ្នកវិទ្យាសាស្រ្តជឿថា ប្រហែលមានមុខកាត់ត្រឹម ១.៦គីឡូម៉ែត្រប៉ុណ្ណោះ។

គួរជម្រាបថា ដុំថ្មអវកាស Borisov ត្រូវបានប្រទះឃើញជាលើកដំបូងកាលពីចុងខែសីហា ឆ្នាំ២០១៩នេះ ដោយតារាវិទូម្នាក់នៅឯតំបន់គ្រីមៀឈ្មោះ Gennadiy Borisov។ លទ្ធផលនៃការវិភាគទៅលើល្បឿន និងទិសដៅធ្វើដំណើររបស់ដុំថ្មអវកាសនោះ បានបង្ហាញថា វាពិតមានប្រភពមកពីក្រៅប្រព័ន្ធផ្កាយរបស់យើងមែន។ ប្រការនេះធ្វើឲ្យ Borisov ក្លាយជាដុំថ្មអវកាសទី ២ ដែលបានឆ្លងចូលមកក្នុងប្រព័ន្ធព្រះអាទិត្យ បន្ទាប់ពីដុំថ្មអវកាសដ៏អាថ៌កំបាំង Oumuamua ដែលត្រូវបានគេប្រទះឃើញ​កាលពីខែតុលា ឆ្នាំ២០១៧។

ខណៈកាលពី Oumuamua អ្នកវិទ្យាសាស្រ្តមិនមានឱកាសគ្រប់គ្រាន់ ដើម្បីអង្កេតស្វែងយល់ពីវា ពួកគេនៅមានពេលវេលាច្រើន ទៀត ដើម្បីធ្វើការតាមដាន Borisov ដោយក្នុងខែធ្នូខាងមុខនេះ វានឹងស្ថិតនៅចម្ងាយកៀកផែនដីបំផុត អំឡុងការធ្វើដំណើររបស់ វានៅក្នុងប្រព័ន្ធព្រះអាទិត្យយើង។

ពាក់ព័ន្ធវត្តមានរបស់ Oumuamua និង Borisov តារាវិទូភាគច្រើនយល់ថា ដុំថ្មអវកាសប្រភេទនេះ តាមពិតទៅប្រហែលមានច្រើន ដែលធ្វើដំណើរឆ្លងចូលមកក្នុងប្រព័ន្ធផ្កាយរបស់យើង ដោយគ្រាន់តែពួកយើងមិនបានដឹង។ យ៉ាងណាមិញ ក្នុងថ្ងៃខាងមុខយើង ទំនងជានឹងអាចបកស្រាយការសង្ស័យនេះ នៅពេលដែលប្រព័ន្ធតេឡេស្កូបថ្មីៗ ដែលមានអានុភាពកាន់តែខ្លាំង ចាប់ផ្តើមដំណើរការ៕

480×240 Banner