គួរឲ្យរគោរព និងកោតសរសើរ! «២០ឆ្នាំគត់ អង្គការ NASA ប្រឹងប្រែងឥតឈប់ឈរ» ដើម្បីហែកអាថ៌កំបាំង និងត្រួសត្រាយផ្លូវ នាំមនុស្សទៅភពព្រះអង្គារ!

149

(បរទេស)៖ នាពេលថ្មីៗនេះ ទីភ្នាក់ងារអវកាស​សហរដ្ឋអាមេរិក NASA បានបញ្ចេញ​វីដេអូថ្មីមួយ ដែលបង្ហាញពីទំហំ​នៃកិច្ចខិតខំប្រឹងប្រែង​ស្រាវជ្រាវ​របស់ខ្លួន នៅលើភព​អង្គារ (Mars) ក្នុងរយៈពេល​ពីរទសវត្សរ៍កន្លងទៅនេះ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី វែបសាយវិទ្យា​សាស្រ្ត Space.com នៅរសៀលថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។

យានមួយចំនួន​របស់អង្គការ NASA បានបន្ត​ធ្វើការសិក្សាស្រាវជ្រាវ​ ទៅលើភពក្រហម​នេះ​ដោយ​ឥត​ឈប់​ឈរ​ចាប់​តាំង​តែ​ពី​​ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៩៩៧មកម្ល៉េះ នៅពេលដែល​យានបេសកកម្ម Pathfinder បានចុះចត​នៅទីនោះ។ ការចុះទៅដល់ភពអង្គារ​របស់ Pathfinder បានកត់សម្គាល់​ជោគជ័យលើកទីមួយរបស់​អង្គការ NASA នៅ Mars បន្ទាប់ពី​យាន Viking 1 និង Viking 2 បានទៅ​ដល់ភពក្រហមនេះ​កាលពី​ឆ្នាំ​១៩៧៥។ ម៉្យាងវិញទៀត​មកទល់បច្ចុប្បន្ន យាននិងផ្កាយរណប​ចំនួន​០៨ផ្សេងទៀត ក៏បានដើរ​តាមជំហាន​របស់យាន Pathfinder ផងដែរ​រួម​មានទាំង​​យាន Spirit, Opportunity, និង Curiosity។

NASA បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍​មួយថា «ប្រសិនបើ​គ្មានយាន Pathfinder វាក៏ពុំមាន​យាន Spirit និង Opportunity នោះឡើយ ហើយបើសិន​ជាមិនដោយ​សារយាន Spirit និង Opportunity យាន Curiosity ក៏ពុំមានដែរ»។ យាន Spirit និង Opportunity បានជាន់​លើផ្ទៃដី​​របស់ភពអង្គារ​កាលពីខែមករា ឆ្នាំ២០១៤ ក្នុងដំណើរបេសកកម្ម​រយៈពេលបីខែ ដើម្បីស្វែងរក​សញ្ញាដែលអាចបង្ហាញ​ថា វត្តមានទឹកធ្លាប់​ហូរកាត់​នៅលើ​ភពមួយនេះ ហើយយាន​រ៉ូបូតកង់០៦ទាំងពីរនេះ ក៏បានរក​ឃើញភស្តុតាង​ជាច្រើន និងបន្តធ្វើប្រតិបត្តិការ​អស់រយៈពេល​ជា​ច្រើនឆ្នាំថែមទៀត។ យាន Spirit នៅទីបំផុត​បានឈប់​ដំណើរ​ការ កាលពីឆ្នាំ២០១០ ខណៈយាន Opportunity នៅតែមាន​លក្ខណៈរឹងមាំ​ដដែលមក​ទល់សព្វ​ថ្ងៃនេះ។

ទន្ទឹមនឹងនេះយាន Curiosity ដែលមាន​ទំហំប៉ុនរថយន្តធម្មតា​មួយគ្រឿង​នោះ បាននិង​កំពុងធ្វើដំណើរ​នៅជុំវិញរណ្តៅ​ដ៏ធំមហិមា Gale Crater របស់ភពអង្គារ​ ចាប់តាំងពី​ខែសីហា ឆ្នាំ២០១២មក។ ការអង្កេត​អស់រយៈពេលជាច្រើ​នឆ្នាំ​មកនេះរបស់ Curiosity បានផ្តល់​តំរុយថា​ រណ្តៅ​យក្សនេះ ធ្លាប់ជាទីជម្រកនៃប្រព័ន្ធបឹង និងទន្លេ​រាប់ពាន់ម៉ែត្រ​កាលពីអតីតកាល ខណៈបច្ចុប្បន្ន​វាកំពុងធ្វើការស្រាវជ្រាវ​ នៅលើជម្រាល​ភ្នំ Mount Sharp ដែលមាន​កម្ពស់ ០៥គីឡូម៉ែត្រ ដើម្បីតាមរុករក​តំរុញបង្ហាញ​ពីមូលហេតុ ដែលបាន​បណ្តាល​ឲ្យភពអង្គារប្រែប្រួល​ពីភពមួយ​ដែលធ្លាប់តែក្តៅ​ហើយសើម​នោះ ក្លាយមកជាភព​ដែលត្រជាក់ និងស្ងួតហែងដូចសព្វថ្ងៃ​នេះទៅវិញ។

ក្រៅពីយានទាំង​ប៉ុន្មានខាងលើ រ៉ូបូតដទៃទៀត​របស់ទីភ្នាក់ងារ​អវកាស NASA ដែលបានទៅដល់​ភពអង្គារ​ ក្នុងអំឡុងពេល២០ឆ្នាំ​កន្លងទៅនេះ រួមមានផ្កាយ​រណប Mars Global Surveyor, Mars Odyssey, Mars Reconnaissance Orbiter (MRO), MAVEN, និងយាន Phoenix។ ដោយ​ឡែក​យានអវកាសពីរ​ផ្សេងទៀតគឺ​ផ្កាយរណប Mars Climate Orbiter និង យាន Mars Polar Lander ក៏បានបញ្ជូន​ទៅកាន់ភពអង្គារ​ផងដែរ ក្នុង​អំឡុងពេល​ពីរទសវត្សរ៍​ចុងក្រោយនេះ ក៏ប៉ុន្តែបាន​ទទួលបរាជ័យ​ ក្នុងពេលធ្វើដំណើរឆ្ពោះទៅគោលដៅ​របស់ពួកវា។

ផ្កាយរណប Mars Global Surveyor, Mar Odyssey, MRO, និង MAVEN បានទៅដល់ភព​អង្គារកាលពី​ខែកញ្ញា ឆ្នាំ១៩៩៧, ខែតុលា ឆ្នាំ២០០១, ខែមីនា ឆ្នាំ២០០៦, និងខែកញ្ញា ឆ្នាំ២០១៤ តាមលំដាប់។ រីឯយាន Phoenix បានចុះចតនៅលើ​ផ្ទៃដី​នៃភពក្រហមនេះ កាលពីខែ​ឧសភា ឆ្នាំ២០០៨។

គួរបញ្ជាក់ថា ផ្កាយរណប Odyssey, MRO, និង MAVEN រួមជាមួយ​យាន Opportunity និង Curiosity នៅតែបន្តដំណើរការ​ជាធម្មតា​ មកទល់​ពាក់កណ្តាល​ឆ្នាំ២០១៧នេះ និងបានបំពេញ​បេសកកម្មជាច្រើន​ ឲ្យបណ្តាទីភ្នាក់ងារ​អវកាស​ដទៃផ្សេងទៀត រួមមាន​បេសកកម្ម Mars Express Orbiter របស់អឺរ៉ុប, Mars Orbiter Mission របស់ឥណ្ឌា, និង ExoMars Trace Gas Orbiter របស់អឺរ៉ុប-រុស្ស៊ី។ ជាមួយគ្នានេះ អង្គការ NASA ក៏គ្រោងនឹង​បញ្ជូនយានបេសកកម្ម​ចំនួនពីរ​បន្ថែមទៀត​ទៅកាន់ភពអង្គារ នៅក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ខាងមុខផងដែរ ដោយបេសកកម្ម​​ទាំងពីរនោះគឺយាន​ចុះចត InSight ក្នុងឆ្នាំ២០១៨ និងយានរ៉ូវើ​ដូចទៅនឹងយាន Curiosity នៅក្នុងឆ្នាំ២០២០៕

480×240 Banner