មកស្គាល់ប្រហោងខ្មៅ (Black Hole) ដែលស្ថិតនៅជិតផែនដីបំផុត! តើវាមានចម្ងាយប៉ុន្មានពីយើង?
(អាមេរិក)៖ ប្រហោងខ្មៅ (Black Hole) ទាំងតូចទាំងធំនៅក្នុងកាឡាក់ស៊ី មាលគីវេយ៍ (Milky Way) របស់យើងត្រូវបានក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រអះអាងថា មានចំនួនជាង ១០លានឯណោះ ប៉ុន្តែចូលមកដល់អត្ថបទមួយនេះ Cambo Space នឹងនាំអស់លោកអ្នកនាង ទៅស្គាល់ប្រហោងខ្មៅទំហំមធ្យមមួយ ដែលស្ថិតនៅជិតផែនដី ឬប្រព័ន្ធព្រះអាទិត្យរបស់យើងជាងគេ។
មុននឹងរៀបរាប់អំពីប្រហោងខ្មៅមួយខាងលើនេះ ចូរបងប្អូនស្វែងយល់ជាថ្មីម្តងទៀតថា កាឡាក់ស៊ីយើងមានរាងគូទខ្យង និងអង្កត់ផ្ចិតប្រវែង ១០០,០០០ឆ្នាំពន្លឺ (១ឆ្នាំ = ៩.៤៦១ពាន់ពាន់លាន (ទ្រីលាន) គីឡូម៉ែត្រ។ Black Hole ដែលស្ថិតនៅជិតផែនដីបំផុតនោះ គឺត្រូវបានគេដាក់ឈ្មោះថា V616 Monocerotis (ម៉ូណូស៊ែរ៉ូទីស) មានចម្ងាយពីយើងជាង ៣,៤០០ឆ្នាំពន្លឺ។
គួរបញ្ជាក់តាមក្រុមអ្នកវិទ្យាសាស្ត្របានគណនាថា ប្រហោងខ្មៅ V616 Monocerotis មានម៉ាសចម្លោះពី ៩ ទៅ ១៣ដងនៃម៉ាសរបស់ព្រះអាទិត្យយើងនេះ។ បន្ថែមពីនេះទៀត បើតាមក្រុមអ្នកវិទ្យាសាស្ត្រដដែល មិនមានប្រហោងខ្មៅណាមួយដែលមានមុខព្រួញមករកភពផែនដី ឬក៏អាចបង្កការគំរាមកំហែងដល់ប្រព័ន្ធព្រះអាទិត្យយើងឡើយ។ V616 Monocerotis ស្ថិតនៅជាប្រព័ន្ធជាមួយតារាមួយដួង ដែលមានឈ្មោះថា A0620-00 (មានទំហំតូចជាព្រះអាទិត្យយើង) និងស្ថិតក្នុងកញ្ចុំផ្កាយ Monoceros៕
ប្រភព៖ Phys.org (ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩)
បញ្ជាក់៖ រូបភាពទាំងអស់ គឺជារូបភាពបង្កើតឡើងដោយកុំព្យូទ័រប៉ុណ្ណោះ