កាលពី៦៥ឆ្នាំមុន ស្ត្រីម្នាក់ត្រូវបានអាចម៍ផ្កាយអាយុ៤.៥ពាន់លានឆ្នាំ ធ្លាក់ប៊ិះចំពេលកំពុងអង្គុយក្នុងផ្ទះ

123

(អាមេរិក)៖ កាលពី ៦៥ឆ្នាំមុន នៅក្រោយបុណ្យ Thanksgiving របស់អាមេរិកបញ្ចប់ទៅតែ​ប៉ុន្មានថ្ងៃប៉ុណ្ណះ ស្ត្រីម្នាក់មានឈ្មោះថា Ann Hodges បានអង្គុយលើសាឡុងនៅក្នុងផ្ទះរបស់ខ្លួននៅរដ្ឋ Alabama ហើយរំពេចនោះស្រាប់តែអាចម៍ផ្កាយមួយដុំបានធ្លាក់ចំពីលើដំបូងផ្ទះ និងទម្លុះទាំងពិតានថែមទៀត ហើយធ្លាក់មកក្បែរសាឡុងនៅខាងឆ្វេងដៃរស់នាងតែម្តង ដែលបានធ្វើឲ្យនាងរងរបួសផ្នែកមួយចំហៀងចង្កេះ។

ហេតុការណ៍ខាងលើនេះ បានកើតមានឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៥៤ ហើយវាក៏ជាលើកដំបូងបំផុតដែរ ដែលមានសេចក្តីរាយការណ៍អំពីមនុស្សលោក ត្រូវបានយាយីដោយអាចម៍ផ្កាយជាលើកដំបូងបំផុត ហើយបានទទួលរងរបួស។ អាចម៍ផ្កាយដែលមានទំហំប៉ុនកូនបាល់ខាងលើនេះ មានទម្ងន់ប្រមាណ ៣.៨គីឡូក្រាម បានបុកចំដំបូងផ្ទះរបស់ Hodges នៅវេលាម៉ោង ២៖៤៦នាទីរសៀលថ្ងៃនោះ។

បើតាមអ្នកជំនាញកាលណោះ អាចម៍ផ្កាយខាងលើនេះ បានបែកជាពីរបំណែកនៅពេលធ្លាក់មកលើផែនដី ដោយមួយដុំធ្លាក់លើផ្ទះរបស់ Hodges ដែលកាលណោះនាងមានអាយុ ៣១ឆ្នាំ និងមួយដុំទៀតធ្លាក់នៅកន្លែងផ្សេង ស្ថិតនៅចម្ងាយប្រហែល ៥គីឡូម៉ែត្រពីផ្ទះរបស់ Hodge ដែលក្រោយមកត្រូវបានគេយកទៅរក្សាទុកនៅសារមន្ទីរ Smithsonian’s National Museum of Natural History។ កាលពីឆ្នាំ២០១៧ អាចម៍ផ្កាយដែលបានធ្លាក់ចំផ្ទះ Hodge ទម្ងន់តែ ១០.៣ក្រាមប៉ុណ្ណោះត្រូវបានដាក់លក់ក្នុងតម្លៃ ៧,៥០០ដុល្លារអាមេរិកទៅហើយ ខណៈក្រុមអ្នកវិទ្យាសាស្ត្របានពិសោធន៍ដឹងថា វាមានអាយុកាលរហូតដល់ ៤.៥ពាន់លានឆ្នាំ ដែលស្មើនឹងអាយុកាលផែនដីដែរ។

គួរបញ្ជាក់ថា មុនពេលដែលវាបញ្ចប់ទៅ ដោយការបន្សល់ទុកប្រហោងដ៏ធំលើផ្ទះរបស់ Hodges ប្រជាជននៅទូទាំងតំបន់ភាគខាងកើតនៃរដ្ឋ Alabama បាននិយាយថា ពួកគេបានឃើញពន្លឺយ៉ាងភ្លឺចិញ្ចាចនៅលើមេឃ។ អ្នករាយការណ៍ខ្លះបានហៅវាថា ជាដុំបាល់ភ្លើងដែលហុយផ្សែង និងបន្សល់ទុកពពកកោងដូចធ្នូ ក្រោយការផ្ទុះយ៉ាងកក្រើក នៅលើផ្ទៃមេឃពេលរសៀលនោះ។ សាច់ញាតិ អ្នកជិតខាង និងសមត្ថកិច្ចបានទៅដល់ផ្ទះ Hodges ដើម្បីស្វែងយល់អ្វីដែលបានកើតឡើង ហើយយរឿងរ៉ាវទាំងអស់នេះ ត្រូវបានចុះផ្សាយយ៉ាងព្រោងព្រាតតែម្តង៕

ប្រភព៖ Space (ថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០១៩)

480×240 Banner