អាចម៍ផ្កាយទំហំប៉ុនប្រាសាទពីរ៉ាមីត នឹងហោះមកកៀកផែនដីនាពេលឆាប់ៗខាងមុខ…
(បរទេស)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា ក្នុងសប្តាហ៍នេះអាចម៍ផ្កាយមួយដុំដែលមានទំហំ ប៉ុនយន្តហោះដឹកអ្នកដំណើរមួយគ្រឿង ឬក៏អាចប៉ុនប្រាសាទពីរ៉ាមីត Giza របស់អេហ្ស៊ីប នឹងហោះមកកៀកភពផែនដីយើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩។
អាចម៍ផ្កាយធំខាងលើត្រូវបានអង្គការ NASA ប្រទះឃើញជាលើកដំបូង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា នឹងគោចរមកកាត់ភពយើងក្នុងល្បឿនប្រហែល ២៧,០០០គីឡូម៉ែត្រក្នុងមួយម៉ោង នាថ្ងៃសុក្រសប្តាហ៍នេះនៅចម្ងាយខ្ទង់ ៥.៤លានគីឡូម៉ែត្រ ដែលស្មើនឹងគម្លាតរវាងផែនដី និងព្រះច័ន្ទចំនួន ១៤ដង។ បើយើងគិតពីទំហំយ៉ាងល្វឹងល្វើយរបស់ចក្រវាឡ រយៈចម្ងាយនេះគឺជាចម្ងាយជិតមួយ។
គួរជម្រាបថា បើតាម NASA ប្រវែងអង្កត់ផ្ចិតរបស់អាចម៍ផ្កាយនោះអាចចន្លោះពី ៧៣-១៦០ម៉ែត្រ ដែលប្រហែលប្រវែងពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងនៃយន្តហោះដឹកអ្នក ដំណើរទូទៅមួយគ្រឿង ឬក៏អាចធំជាងប្រាសាទពីរ៉ាមីត Giza នៅអេហ្ស៊ីបទៅទៀត។ ដោយឡែកមនុស្សម្នាលើផែនដី គឺមិនអាចមើលឃើញដោយភ្នែកទទេឡើយ ព្រោះមានតែតេឡេស្កូប ឬឧបករណ៍ទំនើបៗប៉ុណ្ណោះ ទើបអាចចាប់សកម្មភាពវាបាន៕