គួរឲ្យភ្ញាក់ផ្អើល! ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញភពអេលៀន គោចរជុំវិញផ្កាយពណ៌ស (White Dwarf) ជាលើកដំបូងបំផុត!

144

(បរទេស)៖ ការសិក្សាថ្មីមួយបានបង្ហាញថា អ្នកវិទ្យាសាស្រ្តបានរកឃើញភស្តុតាង នៃវត្តមានជាលើកដំបូងរបស់ភពអេលៀន ដែលនៅក្បែរផ្កាយស White Dwarf (តារាមានពន្លឺពណ៌ស)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩។

ផ្កាយមួយចំនួនធំនៅក្នុងកាឡាក់ស៊ី Milky Way រួមទាំងព្រះអាទិត្យយើង នៅថ្ងៃអនាគតនឹងមានវាសនាប្រែក្លាយខ្លួនទៅជាផ្កាយស White Dwarf។ នៅពេលផ្កាយទាំងនោះឆេះអស់ឥន្ធនៈនុយក្លេអ៊ែររបស់វា ពួកគេជាដំបូងនឹងរីកខ្លួនទៅជាផ្កាយយក្សក្រហម ហើយទើបវិវត្តទៅជាផ្កាយ White Dwarf តូចវិញ។ សម្រាប់ផ្កាយដែលធំៗខ្លាំង មានម៉ាសច្រើនជាងព្រះអាទិត្យយ៉ាងហោច ៨ដងវិញ នៅពេលវាអស់អាយុនឹងផ្ទុះ (នៅក្នុងបាតុភូតបន្ទុះស៊ូភើណូវ៉ា) ដែលជាទូទៅបន្សល់ទុកជា ផ្កាយណឺត្រុង ឬមួយក៏ប្រហោងខ្មៅ (Black Hole) តែម្តង។

តារាវិទូមួយក្រុមនៅចក្រភពអង់គ្លេស កន្លងមកនេះបានចំណាយពេលសិក្សាទៅលើផ្កាយស White Dwarf មួយមានឈ្មោះសម្គាល់ថា WDJ0914+1914 ដែលស្ថិតនៅចម្ងាយ ២,០៤០ឆ្នាំពន្លឺពីផែនដី។ តាមរយៈទិន្នន័យដែលប្រមូលបានអង្កការអង្កេតផ្ទៃមេឃ Sloan Digital Sky Survey (SDSS) ក្រុមអ្នកវិទ្យាសាស្រ្តទាំងនោះបានប្រទះឃើញឧស្ម័ន អ៊ីដ្រូសែន ស្ពាន់ធ័រ និងអុកស៊ីសែន ដែលបញ្ចេញមកពីផ្កាយ WDJ0914+1914 ថែមទៀត។

ក្រោយមកពួកគេក៏បានប្រើប្រាស់ប្រព័ន្ធតេឡេស្កូប VLT របស់អឺរ៉ុប ដែលមានទីតាំងនៅឈីលី បន្តអង្កេតមើលផ្កាយ WDJ0914+1914។ លទ្ធផលបានបង្ហាញថា ធាតុទាំងនោះទំនងបានចេញមកពីសំណុំឧស្ម័ន ដែលស្ថិតជុំវិញផ្កាយស WDJ0914+1914។ ពីដំបូងឡើយអ្នកវិទ្យាសាស្រ្តយល់ថា សំណុំឧស្ម័ននោះប្រហែលជាបានកើតឡើង ដោយសារ WDJ0914+1914 ជាប្រព័ន្ធផ្កាយភ្លោះ ប៉ុន្តែតាមពិតវាគឺជាផ្កាយស White Dwarf តែមួយប៉ុណ្ណោះ ដែលមានសំណុំឧស្ម័នព័ទ្ធជុំវិញវា។ សមាសធាតុនៃឧស្ម័ននោះត្រូវបានរកឃើញថា ស្រដៀងនឹងភពឧស្ម័នយក្សនៅក្នុងប្រព័ន្ធព្រះអាទិត្យ ដូចជា Neptune និង Uranus ជាដើម។

ហេតុដូច្នេះ ក្រុមតារាវិទូបានសន្និដ្ឋានថា ប្រហែលជាមានភពមួយដែលស្រដៀង Neptune កំពុងគោចរជុំវិញផ្កាយ White Dwarf នោះរៀងរាល់ ១០ថ្ងៃម្តង (ពេលវេលាលើផែនដី)។ ប៉ុន្តែយោងតាមការគណនា ភពមួយនោះកំពុងត្រូវកម្តៅផ្កាយ WDJ0914+1914 ដែលមានសីតុណ្ហ ភាពខ្ទង់ ២៨,០០០អង្សាសេ ឆាបឆេះក្នុងកម្រិតយ៉ាងឆាប់រហ័ស។ ក្រុមអ្នកវិទ្យាសាស្រ្តដដែលបានបញ្ជាក់ថា ពួកគេមិនបានមើលឃើញភព អេលៀននោះដោយផ្ទាល់ឡើយ ប៉ុន្តែភស្តុតាងដែលពួកគេរកឃើញឲ្យតំរុយថា ពិតជាមានភពមួយនៅក្បែរផ្កាយ WDJ0914+1914។

គួរជម្រាបថា ផ្កាយស White Dwarf ដែលព្រះអាទិត្យនឹងប្រែខ្លួនទៅជានោះ ប្រហែលជានឹងអាចបញ្ចេញថាមពលខ្លាំងគ្រប់គ្រាន់ ដើម្បីរំលាយភពដូចជា Juptiter (ភពព្រហស្បតិ៍), Saturn (ភពសៅរ៍), Uranus និង Neptune។ សំណុំឧស្ម័នដែលអាចបន្សល់ទុកដោយភពទាំងនោះ ប្រហែលអាចត្រូវក្រុមអ្នកវិទ្យាសាស្រ្តរបស់ពួកអេលៀន ប្រទះឃើញនាថ្ងៃអនាគត ដូចអ្វីដែលក្រុមអ្នកវិទ្យាសាស្រ្តយើង បានមើលឃើញនៅប្រព័ន្ធផ្កាយ WDJ0914+1914 ដូច្នេះដែរ។ និយាយរួមទៅក្នុងន័យមួយ ប្រព័ន្ធផ្កាយស WDJ0914+1914 កំពុងឆ្លុះបញ្ចាំងឲ្យយើងទាំងអស់គ្នាបានមើលឃើញថា តើអនាគតដ៏យូរអង្វែងទៀត នៃប្រព័ន្ធផ្កាយយើងនឹងទៅជាយ៉ាងណា៕

480×240 Banner