NASA ចងក្រងព័ត៌មានថ្មីបំផុតបានមកពីយាន Parker ដែលកំពុងស្រាវជ្រាវព្រះអាទិត្យយើង
(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានបញ្ចេញកម្រងលទ្ធផល ផ្នែកវិទ្យាសាស្រ្តលើកដំបូងនៃបេសកកម្ម Paker Solar Probe (PSP) ដែលកំពុងសិក្សាអំពីផ្កាយរបស់យើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩។
លទ្ធផលខាងលើបានមកពីការហោះឆ្វែល Flyby កាត់ព្រះអាទិត្យចំនួនពីរលើកដោយយាន PSP ដែលត្រូវបានបញ្ជូនចេញពីផែនដី កាលពីខែសីហា ឆ្នាំ២០១៨ ហើយក្នុងនាពេលខាងមុខវានឹងក្លាយជាយានអវកាស ដែលបានទៅកៀកព្រះអាទិត្យខ្លាំងបំផុត។ លទ្ធផលដំណាក់កាលដំបូងនេះ បានលាតត្រដាងឲ្យអ្នកវិទ្យាសាស្រ្ត មានឱកាសស្វែងយល់កាន់តែលម្អិតថែមទៀតអំពីបាតុភូតព្រះអាទិត្យដូចជាដែនម៉ាញេទិច និងព្យុះរបស់វាជាដើម។
គួរជម្រាបថា ជារៀងរាល់ ៥-៦ខែ យានអវកាស PSP តែងតែហោះកាត់កៀកព្រះអាទិត្យ ដើម្បីប្រមូលទិន្នន័យ។ មកទល់ពេលនេះ វាបានហោះបែបនោះចំនួន ០៣លើក ក្នុងចំណោមនៃការហោះសរុបចំនួន ២៤លើក ដែលត្រូវបានគ្រោងទុក។ កំឡុងការហោះឆ្វែល ០៣លើកមកនេះ ចម្ងាយកៀកបំផុតនឹងព្រះអាទិត្យរបស់យាន PSP គឺ២៤លានគីឡូម៉ែត្រ។ កាលពីមុនយានអវកាស ដែលបានទៅជិតព្រះអាទិត្យជាងគេក្នុង ប្រវត្តិសាស្រ្តគឺយានឈ្មោះ Helios 2 កាលពីឆ្នាំ១៩៧៦ នៅចម្ងាយ ៤២.៧៣លានគីឡូម៉ែត្រ ដែលវាជាបេសកកម្មរបស់សហរដ្ឋអាមេរិកនិង អតីតអាល្លឺម៉ង់ខាងលិច។
យ៉ាងណាមិញនៅកំឡុងការហោះឆ្វែល ២-៣លើកចុងក្រោយ យានអវកាស PSP នឹងស្ថិតនៅចម្ងាយត្រឹម ៦លានគីឡូម៉ែត្រប៉ុណ្ណោះពីព្រះអាទិត្យនៅក្នុងឆ្នាំ២០២៥ ហើយពិតជាចម្ងាយកៀកមែនទែន ដែលយានអវកាសមួយអាចចល័តនៅជិតព្រះអាទិត្យដែលមានកម្តៅរាប់លានអង្សា ប៉ុន្តែវាខែលអាចការពារខ្លួនបាននេះ៕