ដុំថ្មមានប្រភពមកពីប្រព័ន្ធផ្កាយផ្សេង បានហោះទៅកៀកព្រះអាទិត្យយើងបំផុត និងត្រៀមហោះមកកៀកផែនដីផងដែរ!
(បរទេស)៖ ដុំថ្មអវកាស បូរីសូវ (Borisov) ដែលមានប្រភពមកពីក្រៅប្រព័ន្ធព្រះអាទិត្យយើង បានគោចរដល់ចំណុចកៀកនឹងព្រះអាទិត្យបំផុត នៅក្នុងការធ្វើដំណើររបស់វាឆ្លងកាត់ប្រព័ន្ធផ្កាយរបស់យើង ក្រោយការចាកចេញទៅរបស់អូម័រម័រ (Oumuamua) កាលពីពីរឆ្នាំមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩។
អាចម៍ផ្កាយអេលៀន Borisov ត្រូវបានតារាវិទូម្នាក់ឈ្មោះ ហ្គែនណាឌី បូរីសូវ (Gennady Borisov) ប្រទះឃើញកាលពីចុងខែសីហា ឆ្នាំ២០១៩ ហើយតាមរយៈការវិភាគទៅលើគន្លងធ្វើដំណើររបស់វា អ្នកវិទ្យាសាស្រ្តបានស្វែងយល់ថា តាមពិតវាជាដុំថ្មអវកាស ដែលមកពីក្រៅប្រព័ន្ធព្រះអាទិត្យ ឬប្រព័ន្ធផ្កាយដទៃ។ រីឯនៅថ្ងៃអាទិត្យកន្លងទៅនេះ វាបានគោចរដល់ចំណុចកៀកនឹងព្រះអាទិត្យបំផុតគឺប្រហែល ៣០០លានគីឡូម៉ែត្រ។ បន្ទាប់មកទៀតអាចម៍ផ្កាយនេះ នឹងស្ថិតនៅចំណុចកៀកនឹងផែនដីបំផុតវិញម្តងនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ជាមួយហ្នឹងល្បឿនគោចរជាង ៣០គីឡូម៉ែត្រក្នុងមួយវិនាទី។
គួរជម្រាបថា Borisov គឺជាដុំថ្មអវកាសទី ២ ដែលត្រូវបានអ្នកវិទ្យាសាស្រ្តប្រទះឃើញ និងចាត់ទុកថាមានប្រភពមកពីក្រៅប្រព័ន្ធព្រះអាទិត្យ បន្ទាប់ពីដុំថ្មមួយទៀតឈ្មោះ Oumuamua ដែលត្រូវបានប្រទះឃើញកាលពីខែតុលា ឆ្នាំ២០១៧។ ក្រុមអ្នកវិទ្យាសាស្រ្តនឹងបន្តធ្វើការតាមដានអាចម៍ផ្កាយ Borisov តទៅទៀត ស្របពេលដែលវាធ្វើដំណើរឆ្លងកាត់ប្រព័ន្ធផ្កាយរបស់យើង ហើយសង្ឃឹមថានឹងអាចរកឃើញប្រភពរបស់វា ព្រមទាំងលក្ខណៈទូទៅខ្លះរបស់វាផងដែរ។
សម្រាប់ Borisov គឺខុសពី Oumuamua ត្រង់ថាយើងបានដឹងអំពីវា នៅមុនពេលវាមកកៀកយើង ហេតុដូច្នេះយើងអាចត្រៀមកែវយឺត ដើម្បីសិក្សាអំពីវាបាន។ ប៉ុន្តែសម្រាប់ Oumuamua វិញនោះ គឺវាបានចាកចេញឆ្ងាយបាត់ទៅហើយទម្រាំតែតារាវិទូ និងអ្នកវិទ្យាសាស្ត្រលើផែនដីអាចអង្កេត និងដឹងថា តាមពិតវាហោះមកពីប្រព័ន្ធផ្កាយផ្សេង។ យ៉ាងណាក៏ដោយ កាលពីឆ្នាំ២០១៨ ក្រុមអ្នកវិទ្យាសាស្ត្រត្រឹមតែដឹងថា Oumuamua មានប្រភពមកពីក្រៅប្រព័ន្ធព្រះអាទិត្យប៉ុណ្ណោះ ប៉ុន្តែគ្រប់គ្នាមិនអាចដឹងថា វាមកពីកន្លែងណា ឬប្រព័ន្ធផ្កាយមួយណានោះឡើយ៕