បាតុភូតចម្លែកនៃកោះវេទមន្តលើព្រះច័ន្ទ Titan របស់ភពសៅរ៍ ត្រូវបានគេសន្និដ្ឋានអំពីវិធីកកើតថ្មីមួយទៀត…

306

(អាមេរិក)៖ វាអាចជាពពុះនៅក្នុងបឹងធំៗលើព្រះច័ន្ទទីតាន (Titan) នៃភពសៅរ៍ ហើយពពុះទាំងនោះបានរាលដាលនៅផ្ទៃបឹង ដែលធ្វើឲ្យយើងមើលឃើញពីចម្ងាយ​ប្រៀបដីដូចជាកោះនៅក្នុងបឹងនោះយ៉ាងដូច្នោះឯង។ នេះបើតាមការវិភាគ និងសិក្សាថ្មីមួយទៀត ដែលត្រូវបានដកស្រង់ដោយ Space នៅថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩។

វាពិតជារឿងគួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់ក្រុមអ្នកសិក្សាដឹកនាំដោយអ្នកនាង Kendra Farnsworth ដែលបានរកឃើញបាតុភូតខាងលើនេះ នៅពេលពួកគេបង្កើតការស្រាវជ្រាវមួយ ដើម្បីជួយក្រុមអ្នកវិទ្យាសាស្ត្រធ្វើការស្វែងយល់ថា តើសមាសធាតុនានាដែលបានប្រមូលផ្តុំ​នៅលើផ្ទៃស្រទាប់ក្រៅរបស់ទីតាន ត្រូវបានកកើតឡើងដោយរបៀបណា។ វាពិតណាស់ថា ការស្វែងយល់អំពីកោះពពុះវេទមន្ត (magic islands) នឹងជួយពន្យល់អំពីបាតុភូតធំមួយ នោះគឺកោះដែលយាន Cassini បានអង្កេតឃើញក្នុងបឹងលើផ្ទៃព្រះច័ន្ទ Titan កន្លងទៅនោះ ស្រាប់តែបាត់ស្រមោលទៅវិញ នៅពេលប្រព័ន្ធរ៉ាដាចាប់រូបភាពក្រោយមកទៀត។

តាមពិតទៅវាគឺអាចជាពពុះចេញពីបឹងមេតានរាវនៅលើព្រះច័ន្ទទីតាន ដែលបានកកើតឡើងហើយ ក៏បានបាត់ទៅវិញទៅតាមការប្រែប្រួលអាកាសធាតុរបស់វា។ ពីដំបូងឡើយ នេះមិនមែនជាគោលដៅសិក្សា របស់ក្រុមការងារគ្រប់គ្រងយាន Cassini របស់អង្គការ NASA នោះឡើយ ប៉ុន្តែលទ្ធផលចេញមកដូចខាងលើនេះ គឺពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដើម្បីឲ្យគ្រប់គ្នាបន្តការស្វែងយល់តទៅទៀត។

ជុំវិញបញ្ហានេះអ្នកនាង Farnsworth ដែលជានិស្សិតថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រភព នៅឯសាកលវិទ្យារដ្ឋ Arkansas សហរដ្ឋអាមេរិកកំពុងដឹកនាំគំរោងសិក្សាខាងលើនេះ បានរៀបរាប់ប្រាប់សារព័ត៌មាន Space យ៉ាងដូច្នេះថា «បាតុភូតពពុះត្រូវបានគេសន្និដ្ឋានថា កើតមានលើទីតាន ប៉ុន្តែមិនមាននរណាម្នាក់ធ្លាប់ឃើញវា ឬក៏បង្កើតវានៅក្នុងមន្ទីរពិសោធន៍ឡើយនាពេលនោះ…។ Titan អាចមានបឹងធម្មជាតិ និងរូងភ្នំផងដែរ…»។

គួរបញ្ជាក់ថា ការសន្និដ្ឋានអំពីពពុះនៅក្នុងបឹងមេតានលើព្រះច័ន្ទ Titan គឺជាការពន្យល់តាមរបៀបទី ៣ អំពីបាតុភូត magic islands ឬកោះវេទមន្តមួយចំនួន នៅលើផ្ទៃបឹងមេតាន ដែលបានកកើតឡើងហើយស្រាប់តែបាត់ខ្លួនទៅវិញ បើតាមទិន្នន័យរបស់យាន Cassini កន្លងទៅនេះ។ អ្វីដែលសំខាន់នោះ គឺបណ្តុំកោះនោះ មានលក្ខណៈចំណាំងផ្លាតខ្លាំងជាងតំបន់នានា នៅពេលត្រូវពន្លឺព្រះអាទិត្យ ដូច្នេះវាក៏អាចជាការគាំទ្រដល់គំនិតអំពីកោះពពុះ ដែលបានកកើតក្នុងបឹង Titan កាន់តែខ្លាំងផងដែរ។

ទោះបីជាបែបនេះក្តី ក្រុមអ្នកវិទ្យាសាស្ត្រកន្លងមកនេះ ក៏ធ្លាប់បានធ្វើការសន្និដ្ឋានបែបផ្សេងទៀង អំពីបាតុភូតកោះវេទមន្តខាងលើនេះដែរ ដោយវាអាចបណ្តាលមកពីតំបន់​ដែលយើងមើលទៅដូចជាកោះនៅក្នុងបឹង បានទទួលរងខ្យល់ខ្លាំង ទើបបង្កើតចេញទៅជាបណ្តុំរលកមេតានរាវក៏ថាបាន។ ដោយឡែកសម្រាប់​ក្រុមសិក្សាស្រាវជ្រាវរបស់អ្នកនាង Farnsworth វិញ គឺពួកគេបានប្រើប្រាស់វិធីសាស្ត្រមួយនៅក្នុងមន្ទីរពិសោធន៍ ដើម្បីបង្កើតបរិស្ថានត្រជាក់ឲ្យដូចទៅហ្នឹងព្រះច័ន្ទ Titan ហើយក៏ធ្វើការពិសោធន៍​ដោយចាក់សារធាតុគីមីផ្សេងៗដូច អាសូត មេតាន និងអេតាន បញ្ចូលគ្នា រួចទើបចេញជាលទ្ធផលខាងលើនេះតែម្តង៕

480×240 Banner